០២ កញ្ញា ២០១៥
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពី “អនាគតនៃហិរញ្ញប្បទានអាស៊ី៖ ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ឆ្នាំ២០១៥” ដែលសហការរៀបចំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារកណ្តាលឥណ្ឌូនេស៊ី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ សន្និសីទជាន់ខ្ពស់នេះ មានការអញ្ជើញចូលរួមពីតំណាងគ្រឹះសា្ថន ហិរញ្ញវត្ថុអន្តរជាតិ អ្នករៀបចំគោលនយោបាយ តំណាងវិស័យហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗទៀត ក្នុងគោលបំណងដើម្បីពិភាក្សាអំពីការធ្វើឲ្យប្រសើរឡើងនូវការផ្តល់ឥណទានដល់សេដ្ឋកិច្ចកំពុងងើបឡើង ។ សន្និសីទនេះ ក៏មានគោលដៅពង្រឹងកិច្ចពិភាក្សារវាងប្រទេសនៅក្នុងតំបន់ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ទៅលើអនាគតនៃហិរញ្ញប្បទានអាស៊ី ។