ដើម្បីទទួលបានមន្រ្តីបុគ្គលិកប្រកបដោយគុណវុឌ្ឍិ ធនាគារជាតិនៃកម្ពុជាបានផ្តោត សំខាន់ទៅលើការអភិវឌ្ឍសមត្ថភាពមន្រ្តីបុគ្គលិក ចាប់តាំងពីការចាប់ផ្តើមរហូតដល់បច្ចុប្បន្ន ។ ការកសាងសមត្ថភាព ត្រូវបានធ្វើឡើងក្រោមរូបភាពជាកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុង និងកម្មវិធីបណ្តុះបណ្តាលក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ កម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងត្រូវបានរៀបចំនិងអនុវត្តដោយផ្អែកតាមជំនាញជាក់លាក់ ដូចជាការត្រួតពិនិត្យធនាគារ ប្រព័ន្នទូទាត់ ភាពជាអ្នកដឹកនាំ គណនេយ្យ និងប្រធានបទធនាគារកណ្តាលផ្សេងៗ ។ ការបណ្តុះបណ្តាល ត្រូវបានធ្វើឡើងនៅក្នុងថ្នាក់រៀន ការបណ្តុះបណ្តាលផ្ទាល់នៅទីកន្លែង និងការណែនាំការងារទាំងផ្នែកបច្ចេកទេស និងផ្នែកដឹកនាំ ។ ថ្មីៗនេះ យើង បានចាប់ផ្តើមវគ្គបណ្តុះ បណ្តាលតាមបណ្តាញអេឡិចត្រូនិក (E-Learning) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុ (Financial Stability Institute) ដើម្បីពង្រឹងជំនាញបច្ចេកទេសដល់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជាលើផ្នែកត្រួតពិនិត្យធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងប្រធានបទធនាគារកណ្តាលដទៃទៀត ។
កម្មវិធីបណ្តុះបណ្តាលក្រៅប្រទេសត្រូវបានធ្វើឡើងទាំងក្នុងរយៈពេលខ្លីនិងវែង ។ កម្មវិធីបណ្តុះបណ្តារយៈពេលខ្លីធ្វើឡើយដោយមានការសហការជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), មជ្ឈមណ្ឌលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (SEACEN) និងធនាគារកណ្តាលនៃបណ្តាប្រទេសផ្សេងៗទៀត ។ ការបណ្តុះបណ្តាលរយៈពេលវែង បានធើ្វឡើងក្រោមរូបភាពជាកម្មវិធីអាហារូបករណ៍ ដែលផ្តល់ដោយដៃគូរអភិវឌ្ឍដូចជា Ausaid, NZaid, Japan, IMF និងធនាគារកណ្តាលជាដៃគូរផ្សេងទៀត ដើម្បីឱ្យមន្រ្តីបុគ្គលិកបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតនៅបរទេស ។ ការជ្រើសរើសបេក្ខជនផ្ទៃក្នុង សម្រាប់ឱ្យចូលរួមប្រឡងយកអាហាររូបករណ៍ ត្រូវបានធ្វើដោយផ្អែកទៅលើគុណវុឌ្ឍិ និងការអនុវត្តការងារ។
ការអភិវឌ្ឍសមត្ថភាព