ប្រវត្តិនៃប្រព័ន្ធទូទាត់

យោងតាមនិយមន័យដែលកំណត់ដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ប្រព័ន្ធទូទាត់សងប្រាក់ជាសំណុំ នៃឧបករណ៍ទូទាត់ នីតិវិធីធនាគារ និងជាទូទៅរួមមានប្រព័ន្ធផ្ទេរមូលនិធិអន្តរធនាគារដែលធានាដល់ចរាចររូបិយវត្ថុ ។ ជាធម្មតា ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានគេស្គាល់ថាជាមធ្យោបាយមួយសម្រាប់ឲ្យអ្នកចូលរួមក្នុងប្រព័ន្ធ ធ្វើការ ផ្ទេរប្រាក់ ។ មានន័យថា មានសមាសធាតុជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់សងប្រាក់ដែលអាចប្រើប្រាស់សម្រាប់ផ្ទេរមូលនិធិ ដើម្បីជម្រះនូវកាតព្វកិច្ចបំណុលដែលកើតចេញពីសកម្មភាពសេដ្ឋកិច្ច រួមមាន៖ (១) ក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសធនាគារកណ្តាល (២) គ្រឹះស្ថានដែលចូលរួមក្នុងប្រតិបត្តិការ ប្រព័ន្ធទូទាត់សងប្រាក់ដែលរួមមាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អ្នកផ្តល់សេវាផ្ទេរប្រាក់មិនមែន ធនាគារ ក្រុមហ៊ុនផ្តល់សេវាពាក់ព័ន្ធប្រព័ន្ធ Switch និងសូម្បីតែធនាគារកណ្តាល (៣) ឧបករណ៍ទូទាត់សងប្រាក់ និងយន្តការផាត់ទាត់និងទូទាត់នៅក្នុងប្រព័ន្ធ ដែលត្រូវបានប្រើប្រាស់សម្រាប់ផ្ទេរមូលនិធិដើម្បីជម្រះនូវកាតព្វកិច្ចបំណុលដែលកើតចេញពីសកម្មភាពសេដ្ឋកិច្ច។

ទោះបីជាការប្រើប្រាស់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចនៅមានកម្រិតខ្ពស់ ក៏ការអភិវឌ្ឍប្រព័ន្ធទូទាត់ត្រូវបានគេមើល ឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលជាងមួយទសវត្សរ៍នេះ ដោយក្នុងនោះរួមមានការដាក់ឲ្យ ប្រើប្រាស់ឧបករណ៍ទូទាត់ជាក្រដាស និងជាអេឡិចត្រូនិកដោយធនាគារពាណិជ្ជ និងអ្នកដំណើរការតតិយភាគី មួយចំនួន ។ មូលប្បទានបត្រ គឺជាឧបករណ៍ទូទាត់ជាក្រដាសតែមួយគត់ដែលត្រូវបានប្រើសម្រាប់ប្រតិបត្តិការ អន្តរធនាគារ ចំណែកឯឧបករណ៍ទូទាត់ជាអេឡិចត្រូនិករួមមាន បញ្ជាទូទាត់អេឡិចត្រូនិក (ការផ្ទេរឥណទាន ឥណពន្ធផ្ទាល់និងឥណទានផ្ទាល់) ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណអេធីអឹម និងសេវាធនាគារចល័ត ព្រមទាំងការទូទាត់សងប្រាក់ចល័ត ។ ការទូទាត់សងប្រាក់ជាអេឡិចត្រូនិកនៅប្រទេសកម្ពុជាគឺស្ថិតក្នុងដំណាក់កាលដំបូងនៅ ឡើយ ប៉ុន្តែមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសសេវាធនាគារតាមអ៊ីនធឺណែត ឬសេវាធនាគារចល័ត និងសេវា ទូទាត់សងប្រាក់ចល័ត ។ ក្រៅពីនេះ ចំនួនម៉ាស៊ីនអេធីអឹមនិង POS ក៏បន្តកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្ហាញពី កំណើនប្រជាប្រិយភាពលើប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិក ។ ទន្ទឹមនេះ មានធនាគារនិងស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានផ្តល់នូវមធ្យោបាយទូទាត់សងប្រាក់ផ្សេងៗដល់អតិថិជនតាមរយៈការដាក់ឲ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណែត និងសេវាទូទាត់សងប្រាក់ចល័ត ។

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃទីផ្សារ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ជាច្រើនដំណាក់កាល ដូចខាងក្រោម ៖

- នៅខែកញ្ញា ឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយប្រកាសស្តីពីមូលប្បទានបត្រស្តង់ដារ ដើម្បីឲ្យមូលប្បទានបត្រទាំងអស់ដែលប្រើប្រាស់ក្នុងប្រព័ន្ធធនាគារមានលក្ខណៈស្តង់ដាររួមមួយ ធានាឲ្យការទូទាត់ និងផាត់ទាត់អន្តរធនាគារប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ។

- នៅឆ្នាំ ២០០៩ ប្រព័ន្ធផាត់ទាត់ជាតិបណ្តោះអាសន្ន (Interim Solution) សម្រាប់សភាផាត់ទាត់ជាតិត្រូវបាន ដាក់ឲ្យប្រើ ដើម្បីសម្រួលការបញ្ជូនទិន្នន័យឲ្យបានកាន់តែឆាប់រហ័សនិងមានសុវត្ថិភាព ។ លើសពីនេះ មធ្យោបាយនេះក៏បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ធនាគារជាសមាជិកសភាផាត់ទាត់ទាំងអស់ ដោយ ពួកគេអាចទាញយកទិន្នន័យអេឡិចត្រូនិក (electronic output file) ពីប្រព័ន្ធនៅក្នុងថ្ងៃដោយមិនចាំបាច់វាយ បញ្ចូលព័ត៌មានសាឡើងវិញ ។

- នៅចុងឆ្នាំ ២០១២ ធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ឲ្យប្រើនូវប្រព័ន្ធផាត់ទាត់ជាតិ ដែលត្រូវបានប្រើប្រាស់ដើម្បីទូទាត់មូលប្បទានបត្រនិងបញ្ជាទូទាត់ជាអេឡិចត្រូនិកបានកាន់តែឆាប់រហ័សនិងងាយស្រួល ។ បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជាកំពុងសិក្សាលើការអភិវឌ្ឍប្រព័ន្ធ National Shared Switch ដែលជាប្រព័ន្ធរួមបញ្ចូលគ្នាមួយដើម្បីសម្រួលដល់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិកដូចជា ការដកសាច់ប្រាក់តាមរយៈ ម៉ាស៊ីន ATM, ការទូទាត់សងប្រាក់ដោយម៉ាស៊ីន POS និងការទូទាត់សងប្រាក់ចល័តនិងតាមរយៈអ៊ីនធឺណែត ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាទូទាត់សងប្រាក់ និងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើ សមាហរណកម្មហិរញ្ញវត្ថុអាស៊ាននៅក្នុងឆ្នាំ ២០១៥ ។ សម្រាប់ទិសដៅនាពេលអនាគត ប្រព័ន្ធទូទាត់ដុលភ្លាមៗ (RTGS) នឹងអាចត្រូវបានបង្កើតឡើងក្នុងរយៈពេលវែងនៅពេលដែលមានតម្រូវការទីផ្សារ។