ការងារ

វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ នាទសវត្សចុងក្រោយនេះ ដែលបានជួយរួមចំណែកជំរុញក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង ។ ធនាគារជាតិនៃកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករអភិវឌ្ឍសេដ្ឋកិច្ចទៅតាមដំណាក់កាលផ្សេងៗគ្នាជាបន្តបន្ទាប់ ដោយផ្តើមពីការស្តារខឿនសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរគ្មានសល់ក្នុងអំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម តាមរយៈ ការគ្រងគ្រងដំណាក់កាលអន្តរកាលមួយ ដែលចេញពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ និងបច្ចុប្បន្នបានកសាងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទំនើបមួយសម្រាប់កម្ពុជា ។ ដំណាក់កាលសំខាន់ៗទាំងនេះ គឺមិនអាចសម្រេចទៅបានដោយគ្មានការខិតខំបំពេញភារកិច្ច ការលះបង់ និងការតាំងចិត្តខ្ពស់របស់មន្រ្តី-បុគ្គលិកធនាគារជាតិនៃកម្ពុជាឡើយ ។

ដោយកម្ពុជា ឈានចូលក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ ក្នុងគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមនៅទសវត្សក្រោយ ធនាគារជាតិនៃកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រឱ្យសម្រេចគោលដៅនេះ ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាចាំបាច់ត្រូវ ជ្រើសរើសបុគ្គលិកថ្មីៗដែល មានភាពឈ្លាសវៃ ថាមពល និងទេពកោសល្យ ប្រកបដោយគំនិតភ្លឺស្វាង និងផ្តួចផ្តើមខ្ពស់ ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ក៍បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពមន្រ្តីបុគ្គលិក តាមរយៈចំណេះដឹង និងការអនុវត្តជាក់ស្តែងល្អៗនៃវិស័យធនាគារនិងហិរញ្ញវត្ថុអន្តរជាតិ ។ កត្តាគួបផ្សំទាំងនេះនឹងជួយដល់កម្ពុជា ដើម្បីអាចប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចទាំងក្នុងតំបន់ និងក្នុងសាកលលោក ក៏ដូចជាក្លាយប្រទេសដែលឈានមុខគេនាអនាគត ។

ប្រសិនបើលោកអ្នកចង់ទទួលបាននូវឧត្តមភាព ចាប់អារម្មណ៍ការងារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងនិងលើកទឹកចិត្តខ្ពស់ និង ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ សូមពិចារណារការងារនៅធនាគារជាតិនៃកម្ពុជា ។ លោកអ្នកអាចពិនិត្យមើលផ្នែកនេះ ដើម្បីស្វែងយល់អំពីការងារនៅធនាគារជាតិនៃកម្ពុជា ទិន្ន័យមន្រ្តី-បុគ្គលិក ការកសាងសមត្ថភាពមន្រ្តី-បុគ្គលិក និងឱកាសការងារ- ជាដើម ។