សមាជិកភាព និងដំណើរការ

សមាជិកភាព
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានបំណងធ្វើជាសមាជិកប្រព័ន្ធផាត់ទាត់ជាតិត្រូវមានលក្ខណៈសម្បត្តិសមស្របក្នុងការចេញផ្សាយឧបករណ៍ទូទាត់ និងត្រូវដាក់ពាក្យស្នើសុំចូលជាសមាជិកនៅធនាគារជាតិនៃកម្ពុជា ។ ប្រព័ន្ធផាត់ទាត់ជាតិមានសមាជិកភាពពីរប្រភេទគឺសមាជិកផ្ទាល់ និងសមាជិកមិនផ្ទាល់ ។ សមាជិកផ្ទាល់ សំដៅលើគ្រឹះស្ថានហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការទូទាត់សងប្រាក់អន្តរធនាគារ និងបំពេញ កាតព្វកិច្ចទូទាត់តាមរយៈប្រព័ន្ធដោយប្រើគណនីទូទាត់របស់ខ្លួនជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារអាមេរិក នៅធនាគារ ជាតិនៃកម្ពុជា ។ សមាជិកផ្ទាល់ត្រូវមាន ៖

o គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជា
o ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាស្រេច ស្របតាមស្តង់ដារបច្ចេកទេសនិងប្រតិបត្តិការសម្រាប់ភ្ជាប់មក ប្រព័ន្ធផាត់ទាត់ជាតិ
o បំពេញរាល់កាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសភាផាត់ទាត់ជាតិ ។

សមាជិកមិនផ្ទាល់ សំដៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលអាចផាត់ទាត់និងទូទាត់មូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិករបស់ខ្លួន តាមរយៈសមាជិកផ្ទាល់ដែលខ្លួនបានជ្រើសរើស ដោយត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារជាតិនៃកម្ពុជា ។ សមាជិកមិនផ្ទាល់មិនតម្រូវឲ្យមាន គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យាភ្ជាប់ទៅនឹងប្រព័ន្ធផាត់ទាត់ជាតិ ឡើយ ។ សមាជិកអាចប្តូរប្រភេទសមាជិកភាពរបស់ខ្លួនពីសមាជិកផ្ទាល់ទៅជាសមាជិកមិនផ្ទាល់ ឬពីសមាជិកមិនផ្ទាល់ ទៅជាសមាជិកផ្ទាល់នៅពេលណាក៏បាន ដោយត្រូវស្នើសុំជាលាយលក្ខណ៍ អក្សរមកធនាគារជាតិនៃកម្ពុជា ។ គិតត្រឹមខែមេសា ឆ្នាំ២០១៥ សមាជិកផ្ទាល់ដែលមាននៅក្នុងប្រព័ន្ធមានសរុប ៣៧ ដោយរួមមានធនាគារពាណិជ្ជទាំងអស់ ប៉ុន្តែមិនមានសមាជិកមិនផ្ទាល់ ឡើយ ។

ដំណើរការ
ដំណើរការផាត់ទាត់ត្រូវធ្វើឡើងដោយផ្អែកលើទិន្នន័យអេឡិចត្រូនិកដែលបានទទួលពីសមាជិក ។ បន្ទាប់ពី ប្រព័ន្ធផាត់ទាត់ជាតិបានធ្វើការគណនានូវកាតព្វកិច្ចទូទាត់រវាងគ្រប់សមាជិក ដោយឈរលើមូលដ្ឋាននៃការទូទាត់សុទ្ធ ពហុភាគីរួចមក លទ្ធផលនៃការទូទាត់ត្រូវបានបញ្ជូនទៅការិយាល័យគ្រប់គ្រងគណនី ដើម្បីធ្វើការទូទាត់ទៅតាមពេល ដែលបានកំណត់ ។ ចំពោះការទូទាត់សុទ្ធអន្តរធនាគារនឹងត្រូវបានធ្វើឡើងតាមរយៈគណនីទូទាត់ជាប្រាក់រៀលនិង/ឬប្រាក់ដុល្លារអាមេរិក របស់សមាជិកនីមួយៗដែលមានបើកនៅធនាគារជាតិនៃកម្ពុជា ។

ចំពោះការផាត់ទាត់មូលប្បទានបត្រ ការដោះដូរមូលប្បទានបត្ររូបវន្តនិងមូលប្បទានបត្របង្វិលវិញរបស់ សមាជិកគឺត្រូវបានធ្វើឡើងនៅមណ្ឌលដោះដូរមូលប្បទានបត្រ ។ ការដោះដូរមូលប្បទានបត្ររូបវន្តនៅតាមមណ្ឌល ដោះដូរត្រូវបានធ្វើឡើងដោយការផ្ទៀងផ្ទាត់នូវទិន្នន័យជាអេឡិចត្រូនិករបស់មូលប្បទានបត្រដែលបញ្ជូនមក និងបញ្ជូនចេញ ។