គោលការណ៍រក្សាការសម្ងាត់

១. គោលបំណង

គោលការណ៍​រក្សា​ការ​សម្ងាត់​នេះ​ (​តទៅ​នេះ​ហៅ​ថា​ "​គោលការណ៍​")​ ត្រូវ​បាន​ បង្កើត​ឡើង​ ​ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ ព័ត៌មាន​ដែល​បាន​ទទួល​ឬ​ប្រមូល​ដោយ​កម្មវិធី​ឬ​ ​គេហទំព័រ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (​តទៅ​នេះ​ហៅ​ថា​ "​គេហទំព័រ​ធនាគារជាតិ​")​។​

២. វិសាលភាព

គោលការណ៍​នេះ​មាន​សុពលភាព​អនុវត្ត​ចំពោះ​ ការប្រើ​ប្រាស់​ឬគ្រប់គ្រង​ព័ត៌មាន​ ទិន្នន័យ​ និង​ទំនាក់ទំនង​ទាំងឡាយ​ ដែល​ធ្វើឡើង​ ទទួល​បាន​ ឬបង្កើត​ឡើង​ តាមរយៈ​គេហទំព័រ​ ធនាគារជាតិ​។

៣. ការប្រមូលព័ត៌មាន

ក. ធនាគារជាតិនៃកម្ពុជា​ (តទៅ​នេះ​ហៅថា​ "ធនាគារជាតិ​") អាច​ប្រមូល​និង​ប្រើប្រាស់​ ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​គេហទំព័រ​ធនាគារជាតិ​ ក្នុង​កម្រិត​ដែល​ធនាគារជាតិ​យល់ថា​ ចាំបាច់​សម្រាប់​ការ​ផ្តល់​និង​គ្រប់គ្រង​សេវាកម្ម​របស់​គេហទំព័រ​ធនាគារជាតិ​។

ខ. ធនាគារជាតិអាចប្រមូលព័ត៌មានយ៉ាងតិចណាស់ដូចខាងក្រោម៖

      i) ឈ្មោះគេហទំព័រអ៊ិនធឺណែតរបស់អ្នកប្រើប្រាស់

      ii) Internet Protocol (IP ) address របស់អ្នកប្រើប្រាស់

      iii) អត្តសញ្ញាណរបស់អ្នកប្រើប្រាស់​ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណ ប័ណ្ណ និងភេទ ប្រសិនបើចាំបាច់។

      iv) ព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់​ ដូចជាអាស័យដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ ឬ អាស័យដ្ឋាន ប្រសិនបើចាំបាច់ និង

      v) ព័ត៌មានផ្សេងទៀត ប្រសិនបើចាំបាច់និងនៅពេលដែលត្រូវការ សម្រាប់ប្រតិបត្តិការ របស់គេហទំព័រធនាគារជាតិ។

គ. ធនាគារជាតិ​អាច​ប្រើ​ឬមិន​ប្រើ​ឃុ​កឃីស៍​ (Cookies​) (ព័ត៌មាន​ដែល​បាន​បញ្ជូន​ពី​គេហទំព័រ​ ធនាគារជាតិ​ទៅ​ក្នុង​កម្មវិធី​ស្វែងរក​របស់​អ្នកប្រើ​ប្រាស់​ ដើម្បី​ឱ្យ​ប្រព័ន្ធ​នេះ​អាច​កំណត់​ អត្តសញ្ញាណ​របស់​អ្នកប្រើ​ប្រាស់​) ដោយ​ផ្តល់​ការ​ជូនដំណឹង​ដល់​ឬសុំ​ការយល់ព្រម​ពី​ អ្នកប្រើ​ប្រាស់​តាមរយៈ​គេហទំព័រ​ធនាគារជាតិ​។

៤. ការប្រើប្រាស់ព័ត៌មាន

ក. ធនាគារជាតិអាចប្រើប្រាស់ព័ត៌មានដែលទទួលបានពី កថាខណ្ឌ ៣(ខ) ខាងលើ សម្រាប់៖

      i) ប្រតិបត្តិការនិងការគ្រប់គ្រងគេហទំព័រធនាគារជាតិ

      ii) ឆ្លើយតបនឹងសំណួររបស់អ្នកប្រើប្រាស់

      iii) វិភាគ​ឬ​ស្វែង​យល់​អំពី​ស្ថានភាព​ឬ​ព្រឹត្តិការណ៍​ណាមួយ​​ ​ដើម្បី​សម្រួលការ​រៀបចំ​គោលនយោបាយ​ ឬ​បទបញ្ញត្តិ​ណាមួយ​ស្រប​តាម​បញ្ញត្តិ​នៃ​ច្បាប់​

      iv) ផ្ដល់​ព័ត៌មាន​ដល់​បុគ្គល​ពាក់ព័ន្ធ​ ដែល​ធនាគារជាតិ​សហការ​ជាមួយ​ដើម្បី​ប្រតិបត្តិ​ឬគ្រប់គ្រង​ គេហទំព័រ​ធនាគារជាតិ​។ បុគ្គល​ពាក់ព័ន្ធ​ដែល​ទទួល​បាន​ព័ត៌មាន​ ត្រូវតែ​គោរព​តាម​កាតព្វកិច្ច​ រក្សា​ការសម្ងាត់​ ដូចដែល​បាន​ចែង​នៅក្នុង​គោលការណ៍​នេះ​ និង​

      v) គោលបំណងផ្សេងៗទៀត ដែលតម្រូវដោយធនាគារជាតិ។ ដើម្បីប្រើប្រាស់ព័ត៌មានសម្រាប់ គោលបំណងផ្សេងទៀត ធនាគារជាតិនឹងផ្ដល់ដំណឹងជូនឬសុំការយល់ព្រមពីអ្នកប្រើប្រាស់ ជាមុន។

ខ. ធនាគារជាតិ​ អាច​នឹង​បង្ហាញ​ទិន្នន័យ​សរុប​នៃ​ចំនួន​ការ​ចូល​មកកាន់​គេហទំព័រ​និង​ព័ត៌មាន​ស្ថិតិ​ ផ្សេង​ៗ។ ទន្ទឹម​នេះ​ ធនាគារជាតិ​អាច​នឹង​បង្ហាញ​មតិយោបល់​និង​ការ​ចូល​រួម​ផ្សេង​ៗរបស់​អ្នក​ ប្រើប្រាស់​។

គ. ក្រៅពីគោលបំណងដែលបានចែងក្នុង កថាខណ្ឌ ៤ ខាងលើ ធនាគារជាតិអាចបង្ហាញព័ត៌មាន នៅក្នុងគេហទំព័រធនាគារជាតិនៅពេល៖

      i) ដែលមានសេចក្តីតម្រូវដោយ ច្បាប់ជាធរមាន សេចក្ដីសម្រេចរបស់តុលាការ ឬ សេចក្តីសម្រេច ណាមួយ ស្របតាមច្បាប់ និង

      ii) ដែល​មាន​សេចក្តី​តម្រូវ​ សម្រាប់​ការស៊ើបអង្កេត​ឬពិនិត្យ​ ដោយសារ​មានការ​ប្រើប្រាស់​ ដោយ​ ពុំ​មានការ​អនុញ្ញាត​ឬសកម្មភាព​មិន​ស្របច្បាប់​ណាមួយ​។

ឃ. អ្នកប្រើប្រាស់គេហទំព័រធនាគារជាតិអាចស្នើសុំធនាគារជាតិឲ្យបង្ហាញព័ត៌មានរបស់ខ្លួននៅក្នុង គេហទំព័រធនាគារជាតិ តាមរយៈ៖

      i) ដាក់សំណើសុំជាលាយលក្ខណ៍អក្សរដែលមានហត្ថលេខាបញ្ជាក់មកកាន់ធនាគារជាតិ ឬ

      ii) ដាក់ពាក្យស្នើតាមអ៊ិនធឺណែត​ ដោយមានហត្ថលេខាអេឡិចត្រូនិកទៅកាន់គេហទំព័រ ធនាគារជាតិ ប្រសិនបើមាន។

៥. វិធានការសុវត្ថិភាព៖

ក. ធនាគារជាតិ​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​បែកធ្លាយ​ឬការបាត់បង់​ព័ត៌មាន​ ដែល​ប្រមូល​បាន​តាមរយៈ​គេហទំព័រ​ធនាគារជាតិ​

ខ. ធនាគារជាតិ​ នឹង​តម្រូវ​ឱ្យ​បុគ្គល​ពាក់ព័ន្ធ​ចាត់វិធានការ​ចាំបាច់​ ដើម្បី​សម្រេច​បាន​នូវ​កាតព្វកិច្ច​ ដូច​មាន​ចែង​ក្នុង​ កថាខណ្ឌ​ ៥(ក) ខាងលើ​នេះ​ ក្នុងករណី​ដែល​ធនាគារជាតិ​សហការ​ជាមួយ​ បុគ្គល​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​គេហទំព័រ​ធនាគារជាតិ​។

៦. ការតភ្ជាប់

គេហទំព័រ​ធនាគារជាតិ​អាច​តភ្ជាប់​ទៅកាន់​គេហទំព័រ​ផ្សេងទៀត​។ យ៉ាងណាក្ដី​ ធនាគារជាតិ​មិន​ ទទួលខុសត្រូវ​ចំពោះ​ការ​រក្សា​ការសម្ងាត់​របស់​គេហទំព័រ​ទាំងនោះ​ទេ​។