ទិដ្ឋភាពទូទៅ

បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន អតិផរណាត្រូវបានគ្រប់គ្រងឱ្យស្ថិតក្នុងកម្រិតទាប ក្នុងអត្រា មធ្យមប្រចាំឆ្នាំតិចជាង ៥% ដែលសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ទោះជាយ៉ាងនេះក្តី ក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ប្រសិទ្ធភាពនៃការអនុវត្តគោល នយោបាយរូបិយវត្ថុនៅមានកម្រិតនៅឡើយ ស្របពេលដែលធនាគារជាតិនៃកម្ពុជាពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដើរតួជាអ្នកឱ្យខ្ចីចុងក្រោយ ។ បច្ចុប្បន្ន ឧបករណ៍គោលនយោបាយ រូបិយវត្ថុដែលត្រូវបានប្រើប្រាស់ដើម្បីរក្សាស្ថិរភាពថ្លៃ គឺការដាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច និង ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍន៍ ឧបករណ៍គោលនយោបាយរូបិយវត្ថុបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈការចេញផ្សាយមូលបត្រអាចជួញដូរបាន ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនិងទីផ្សារ រូបិយវត្ថុ និងការពង្រឹងការប្រើប្រាស់ប្រាក់រៀល ។ល។