រចនាសម្ព័ន្ធ

ក្រុមប្រឹក្សាភិបាលជាគណៈគ្រប់គ្រង ដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចលើផែនការ និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា និងមានសមាសភាពចំនួន ៧ រូបគឺ ទេសាភិបាល ទេសាភិបាលរង តំណាងប្រមុខរដ្ឋាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង មជ្ឈដ្ឋានឧត្តមសិក្សា តំណាង មជ្ឈដ្ឋានធ្វើសកម្មភាពសេដ្ឋកិច្ច និង តំណាង មន្តី្រ-បុគ្គលិកធនាគារធនាគារជាតិនៃកម្ពុជា។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សាភិបាល និងមានតួនាទីជានាយកប្រតិបត្តិនៃធនាគារជាតិនៃកម្ពុជា ជាអ្នករាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងទទួលខុសត្រូវចំពោះកិច្ចការអនុវត្តគោលនយោបាយនិងប្រតិបត្ដិការប្រចាំថ្ងៃ។ ទេសាភិបាលត្រូវបានតែងតាំង ដាក់ជំនួស និងបញ្ឈប់ពីតំណែងដោយព្រះរាជក្រឹត្យ ដែលយោងតាមសំណើរបស់រាជរដ្ឋាភិបាល។

ក្នុងកម្រិតបច្ចេកទេស ធនាគារជាតិនៃកម្ពុជាមាន ៩ អគ្គនាយកដ្ឋាន/អង្គភាព គឺ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដ្ឋានប្រតិបត្តិការ អគ្គនាយកដ្ឋានត្រួតពិនិត្យ អគ្គនាយកដ្ឋានបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ អគ្គាធិការដ្ឋាន អគ្គបេឡា អគ្គនាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលក្នុងនោះរួមមាន ៣៨ នាយកដា្ឋន/អង្គភាព និង ១៩ សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ដឹកនាំដោយប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងនាយកសាខា។ អគ្គនាយកដ្ឋាននីមួយៗ មានតួនាទីទទួលខុសត្រូវចំពោះការអនុវត្ដមុខងារប្រចាំថ្ងៃនៃប្រតិបត្តិការធនាគារកណ្តាល និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា។