ទិដ្ឋភាពទូទៅ

វិស័យធនាគារបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ។ ការរីកចម្រើននេះ តម្រូវឲ្យមានប្រព័ន្ធទូទាត់មួយដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដល់ចរាចរសាច់ប្រាក់ក្នុង ចំណោមភ្នាក់ងារសេដ្ឋកិច្ច ។ ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពមានសារៈសំខាន់ណាស់ ចំពោះដំណើរការប្រកបដោយប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចទាំងមូល ។

ប្រព័ន្ធទូទាត់សងប្រាក់ដែលមានដំណើរការល្អជួយពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ កាត់បន្ថយការចំណាយ នៅក្នុងសេដ្ឋកិច្ច បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងបង្កើនសន្ទនីយភាពក្នុងទីផ្សារហិរញ្ញវត្ថុ ។ សំខាន់ជាងនេះទៀត ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធចម្បងមួយ សម្រាប់ជួយសម្រួលដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល ។

ធនាគារកណ្តាលអាចប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីពន្លឿនលំហូររូបិយវត្ថុនៅក្នុងទីផ្សារអន្តរធនាគារ និងព្យាករណ៍ពីចំនួនសន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារ ដើម្បីឲ្យធនាគារកណ្តាលអាចដាក់ចេញនូវគោលនយោបាយ សមស្រប ។ លើសពីនេះ ធនាគារកណ្តាលអាចប្រើប្រាស់គោលនយោបាយប្រព័ន្ធទូទាត់សងប្រាក់ជាឧបករណ៍ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុជាតិផងដែរ ។ ហេតុដូចនេះ បានជាមានការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ សាធារណជន ចំពោះការលើកកម្ពស់ប្រសិទ្ធភាពនិងសុវត្ថិភាពនៅក្នុងប្រព័ន្ធទូទាត់សងប្រាក់ ។ បច្ចុប្បន្ន ការធ្វើ ទំនើបកម្មនៃប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានដាក់ជារបៀបវារៈអាទិភាពក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ។

លើសពីនេះ ប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាននាពេលខាងមុខ ហើយមិនតែប៉ុណ្ណោះ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មនេះ ការអភិវឌ្ឍប្រព័ន្ធទូទាត់ សងប្រាក់ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ជាអេឡិចត្រូនិកត្រូវបានបង្កើតឡើង ដែលប្រព័ន្ធទូទាត់នេះជាហេដ្ឋារចនាសម្ព័ន្ធចម្បងមួយជួយជំរុញដល់ការធ្វើសមាហរណកម្ម ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងតំបន់ និងជួយសម្រួលឲ្យធុរកិច្ចនិងបុគ្គលទាំងឡាយធ្វើការទូទាត់សងប្រាក់ជាអេឡិចត្រូនិកឆ្លងប្រទេសបានយ៉ាងងាយស្រួលនិងអាចជឿទុកចិត្តបាន ។ ជាលទ្ធផលការទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដើរតួនាទីយ៉ាងសំខាន់ដើម្បីជំរុញការទូទាត់សងប្រាក់ដែលមិនប្រើសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មអាស៊ាន នាពេលខាងមុខ ។