បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកសំដៅដល់ការបញ្ជាធនាគារឲ្យធ្វើការសងប្រាក់ ឬ ទាញយកប្រាក់ក្នុងចំនួនដែលបានកំណត់ចេញពីគណនីដែលបានចង្អុលបង្ហាញឲ្យទៅ ឬសម្រាប់អ្នកទទួលប្រាក់ ឬឲ្យទៅ ឬសម្រាប់គណនីរបស់អ្នកទទួលប្រាក់ និងរួមទាំងការកែប្រែណាមួយនៅលើបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកផងដែរ ។ បញ្ជានោះអាចមានកំណត់ថ្ងៃប្រសិទ្ធភាព ប៉ុន្តែមិនត្រូវស្ថិតនៅក្រោមលក្ខខណ្ឌណាមួយក្រៅពីអ្វីដែលធនាគារផ្តើមប្រតិបត្តិការបានព្រមព្រៀងអនុវត្តឡើយ ។ ភាគីនៃបញ្ជាទូទាត់សងប្រាក់ អេឡិចត្រូនិក រួមមាន អ្នកផ្ញើ និងធនាគារទទួល ។
បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកមានប្រតិបត្តិការចំនួនបីប្រភេទ ៖
• ការផ្ទេរឥណទាន (Credit Remittance) ៖ ការផ្ទេរឥណទានត្រូវបានប្រើសម្រាប់ការទូទាត់សងប្រាក់ដែលផ្តើមឡើងដោយអ្នកសងប្រាក់(Payer) ទៅអ្នកទទួលផល ។ ធនាគារពាណិជ្ជផ្តល់ សេវាផ្ទេរឥណទានតាមរយៈ សាខា ម៉ាស៊ីនទូទាត់ដោយស្វ័យប្រវត្តិ (ATM) អ៊ីនធើណែត កុំព្យូទ័រ និងទូរស័ព្ទចល័ត ។
• ឥណទានផ្ទាល់ (Direct Credit) ៖ ការទូទាត់សងប្រាក់តាមរយៈឥណទានផ្ទាល់ផ្តើមឡើងដោយអ្នកសងប្រាក់តែម្នាក់ទៅអ្នកទទួលផលមួយឬច្រើននាក់តាមចំនួនប្រាក់និងពេលវេលាដែលបានកំណត់ ។ ឥណទានផ្ទាល់ត្រូវបានប្រើជាទូទៅសម្រាប់ការបើកប្រាក់បៀវត្សរ៍។
• ឥណពន្ធផ្ទាល់ (Direct Debit) ៖ ឥណពន្ធផ្ទាល់មានពីរទម្រង់គឺប្រភេទឥណពន្ធផ្ទាល់ដោយបង្ខំនិងដោយសំណើ ។
ឥណពន្ធផ្ទាល់ដោយបង្ខំ ជាការទាមទារឲ្យទូទាត់សងប្រាក់នៅពេលអ្នកទទួលផលបង្ហាញបញ្ជានេះទៅអ្នកសងប្រាក់ ។ ឥណពន្ធផ្ទាល់ដោយសំណើ ជាទម្រង់មួយនៃសារបញ្ជាទូទាត់សងប្រាក់ដែលមិនមានផ្ទុកតម្លៃ (Non Value Payment Order Message) ។ ឥណពន្ធផ្ទាល់នេះត្រូវបានទទួលយកក្រោមរូបភាពជាសំណើ និងដំណើរការគ្រាន់តែជាសារជូនដំណឹងសម្រាប់ទូទាត់សងប្រាក់ប៉ុណ្ណោះ ។
បញ្ជារទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក