ទិដ្ឋភាពទូទៅ
ធនាគារជាតិនៃកម្ពុជា អនុវត្តមុខងារជាអាជ្ញាធរត្រួតពិនិត្យរបស់ខ្លួនជាប្រចាំ ដើម្បីធានាដល់ការអនុវត្តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព សុវត្ថិភាព និងភាពរឹងមាំ ក៏ដូចជាពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ។ ធនាគារជាតិនៃកម្ពុជា កំពុងត្រួតពិនិត្យតាមរយៈវិធីសាស្ត្រនៃការត្រួតពិនិត្យលើការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្អែកលើហានិភ័យ។ ការត្រួតពិនិត្យ ត្រូវបានអនុវត្តទាំងលើការត្រួតពិនិត្យលើឯកសារ និងការត្រួតពិនិត្យដល់ទីកន្លែង។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា គ្រប់គ្រង និងវិភាគទិន្នន័យរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងទទួលបន្ទុកការងារបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ។