០៤ កញ្ញា ២០១៥
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាខាធនាគារកណ្តាលចិន និងសាខាធនាគារ Industrial and Commercial Bank of China (ICBC) ខេត្ត Guangxi ប្រទេសចិន ដែលដឹកនាំដោយ លោកស្រី Cui Yu នាយកសាខាធនាគារកណ្តាលចិន ខេត្ត Guangxi ។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែករូបិយវត្ថុរវាង ប្រាក់រៀលខ្មែរ និងប្រាក់យ៉ន់ចិន ពង្រឹងការទូទាត់ ជំរុញការវិនិយោគលើទីផ្សារមាស និងទីផ្សារហិរញ្ញវត្ថុ ចិន និងយន្តការនៃការផ្លាស់ប្តូរ ព័ត៌មានរវាងធនាគារកណ្តាលចិន និងធនាគារជាតិនៃ កម្ពុជា ។
កិច្ចប្រជុំបានបញ្ចប់ដោយស្មារតី ភាតរភាព សាមគ្គីភាព និងសហប្រតិបត្តិការជិតស្និទ្ធបំផុត ហើយភាគី ទាំងពីរបានប្តេជ្ញាបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត ។