១៧ វិចិ្ឆកា ២០១៦
ដើម្បីរួមចំណែកក្នុងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការដោះស្រាយជូនប្រជាកសិករដែលប្រឈមនឹងការធ្លាក់ថ្លៃនៃកសិផលដែលប្រមូលបាន កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយ លោកប្រធាន និងសមាជិក សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖
ទី១. រាយការណ៍វឌ្ឍនភាពនៃការពិភាក្សាលើលទ្ធភាពបញ្ចុះអត្រាការប្រាក់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ទី២. ការរួមចំណែករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ជាពិសេស ស្រូវ-អង្ករ និង
ទី៣. វិធានការផ្សេងៗក្នុងការជំរុញការផ្តល់ និងបន្តគាំទ្រផ្នែកហិរញ្ញប្បទានដល់វិស័យស្រូវ-អង្ករ ។
កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយមានការរាយការណ៍ពីសមាគមទាំង ២ អំពីស្ថានភាពជាក់ស្តែងក្នុងទីផ្សារ និងបញ្ហាប្រឈមមួយចំនួន ។ ជារួម គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុបានផ្តល់ហិរញ្ញប្បទានយ៉ាងសកម្មដល់វិស័យស្រូវ-អង្គរ ។ គ្រឹះស្ថានមួយចំនួនត្រៀមលក្ខណៈផ្តល់ហិរញ្ញប្បទាន ដោយគ្រាន់តែតម្រូវឱ្យ រោងម៉ាស៊ីនកិនស្រូវមានបញ្ជាទិញជាក់លាក់ប៉ុណ្ណោះ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតក៏ត្រៀមសម្រួលដល់ប្រជាកសិករដែលជួបនឹងបញ្ហាតាមជាក់ស្តែង ។ ទន្ទឹមនេះ សមាគមក៏បានលើកឡើងពីការព្រួយបារម្ភអំពី លទ្ធភាពរបស់រោងម៉ាស៊ីនកិនស្រូវមួយចំនួន ដែលមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញប្បទាន ដោយខ្វះការយល់ដឹងអំពីលំហូរសាច់ប្រាក់របស់ខ្លួន ហើយរោងម៉ាស៊ីនមួយចំនួនទៀតដែលមិនមានបំណងខ្ចីបន្ថែមដោយខ្វះឃ្លាំងស្តុកនិងឡសម្ងួត ។
ជាលទ្ធផល សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញឆន្ទៈក្នុងការរួមចំណែកផ្តល់ ហិរញ្ញប្បទានដល់វិស័យស្រូវ-អង្ករ ព្រមទាំងពិចារណាលើវិធានការផ្សេងៗទៀតដែលអាចធ្វើបាន ដើម្បីសំរួលដល់ការទិញស្រូវនារដូវប្រមូលផលខាងមុខ ។
ដោយឡែក ចំពោះបញ្ហាអត្រាការប្រាក់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីការថយចុះជាលំដាប់នៃអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទោះយ៉ាងនេះក្តី សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងពិចារណាបន្ធូរបន្ថយអត្រាការប្រាក់នេះបន្ថែមទៀតតាមលទ្ធភាពដែលអាចធ្វើបាន ។ សមាជិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗនឹងលើកយកសំណើក្នុងការបញ្ចុះអត្រាការប្រាក់ ដើម្បីពិភាក្សាជាមួយភាគទុននិករៀងៗខ្លួន ។
ធនាគារជាតិនៃកម្ពុជាវិញ ក៏បាន ៖
ទី១ លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ហិរញ្ញប្បទានដល់វិស័យស្រូវ-អង្ករឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ។
ទី២ ស្នើឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រិះរកវិធានការជាក់ស្តែងដើម្បីបញ្ចុះអត្រាការប្រាក់ និង
ទី៣ ស្នើឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ បន្តផ្តល់ការអនុគ្រោះ ឬការពន្យារពេលសងប្រាក់កម្ចីវិញ ចំពោះកសិករដែលរងគ្រោះពិតប្រាកដ ។