១២ វិចិ្ឆកា ២០១២
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជា នាយករដ្ឋមន្ត្រី រួចមក ខ្ញុំបានដឹកនាំប្រតិភូធនាគារជាតិនៃកម្ពុជាទៅចូលរួម មហាសន្និបាតប្រចាំឆ្នាំ២០១២ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាពព្រះអង្គម្ចាស់ Naruhito ព្រះរាជទាយាទជប៉ុន។ មហាសន្និបាតនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលជាវេទិកាជួបប្រជុំរបស់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃបណ្តាប្រទេសជាសមាជិករបស់ IMF ទាំងអស់ ចំនួន ១៨៨ ប្រទេស ដើម្បី ១/- ស្តាប់របាយការណ៍បូកសរុបពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ២/-ប្រជុំពិភាក្សាតាមតំបន់អំពីការ អនុវត្តគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធ ស្ថិរភាពហិរញ្ញវត្ថុ វិធានការទប់ទល់និង ដំណោះស្រាយវិបត្តិតាម តំបន់ និង ៣/-លើកទិសដៅការងារប្រចាំឆ្នាំ ។ ចំពោះប្រទេសកម្ពុជា ប្រធានគណៈប្រតិភូកម្ពុជាប្រចាំធនាគារពិភពលោក (WB) ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានគណៈប្រតិភូកម្ពុជាប្រចាំនៅអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ។ បន្ទាប់ពីវិលត្រលប់មកពីចូលរួមកិច្ចប្រជុំវិញ ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា នៅឆ្នាំ២០១២ នេះ កំណើនសេដ្ឋកិច្ចពិភពលោកកំពុងបន្តងើបឡើងក្នុងល្បឿនយឺត និងមិនទាន់មានភាពប្រាកដប្រជា ហើយនៅមានលក្ខណៈផុយស្រួយនៅឡើយ ដោយប្រទេសអភិវឌ្ឍមួយចំនួនកំពុងប្រឈមនឹងហានិភ័យដែលនាំឱ្យ សេដ្ឋកិច្ចធ្លាក់ចុះ (downside risks) ដូចជានៅសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាអត្រានិកម្មភាពខ្ពស់ ឥណទានកើនឡើងហួសពិដានសុវត្ថិភាព (credit celling) និងបញ្ហាប្រឈមផ្នែកសារពើពន្ធ (fiscal cliff) ខណៈ ដែលនៅតំបន់អឺរ៉ុបកំពុងជួបវិបត្តិបំណុលសាធារណៈដោះស្រាយមិនទាន់ចេញ និងប្រទេសកំពុងអភិវឌ្ឍន៍និងងើប ឡើងមួយចំនួននៅតំបន់អាស៊ី ជាក់ស្តែង ប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ី កំពុងប្រឈមនឹងការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចផងដែរ ។ ឯកឧត្តម ទេសាភិបាល បានបន្តទៀតថា ដោយសារបញ្ហាប្រឈមខាងលើ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅពេលនេះ នៅមានភាពផុយស្រួយនៅឡើយ ប៉ុន្តែគេមានសុទិដ្ឋិនិយមថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនេះចេះតែបន្តទៅមុខ ។ ទោះបីជាបញ្ហាប្រឈមខាងលើបានធ្វើឱ្យរង្គោះរង្គើប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសមួយចំនួនជាពិសេសក្នុងតំបន់អ៊ឺរ៉ុប ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជានៅបន្តមានសុខភាពល្អ និងរឹងមាំ តាមរយៈការត្រួតពិនិត្យ និងការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ។ ជាទិសដៅទៅមុខ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច អាជ្ញាធរនៃប្រទេសជាសមាជិកត្រូវបន្ត ៖ ១/- ធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធ តាមរយៈការពង្រឹងវិន័យសារពើពន្ធពង្រឹង និង ពង្រីក មូលដ្ឋានចំណូលថវិកា ដើម្បីគាំទ្រកំណើនការងារ និងសេដ្ឋកិច្ចជាតិ ។ ២/- អនុវត្តគោលនយោបាយរូបិយវត្ថុប្រុងប្រយ័ត្នដើម្បីពង្រឹងស្ថិរភាពថ្លៃ ដោយត្រូវចាត់វិធានការពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់ និងតម្លៃរូបិយវត្ថុជាតិដើម្បីទប់ទល់ផលប៉ះពាល់នៃអតិផរណា ដែលអាចកើតមាន ឡើង ។ ៣/- លើកកម្ពស់ការពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់ និងពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ ដោយបងើ្កនសមត្ថភាពតាមដាន និងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប់ជាប្រចាំក្នុងក្របខណ្ឌ ម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្ន ដើម្បីពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនមកលើប្រព័ន្ធធនាគារ និង ៤/- បន្តអនុវត្តតាមរបៀបវារៈនៃកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធ តាមរយៈការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចអាទិភាពមួយចំនួន ដើម្បីបន្ថយផលប៉ះពាល់នៃឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុ និងដើម្បីពង្រឹង ស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ បង្កើនភាពមានការងារធ្វើ និងគាំទ្រកំណើនសេដ្ឋកិច្ច ។ ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ក្រៅពីការចូលរួមមហាសន្និបាតប្រចាំឆ្នាំ គណៈប្រតិភូធនាគារជាតិ នៃកម្ពុជាបានចូលរួមប្រជុំជាមួយគណប្រតិភូនៃប្រទេសជាមិត្តផ្សេងៗទៀតដូចជា ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ គណៈប្រតិភូធនាគារជាតិនៃកម្ពុជាបានចូលរួមប្រជុំថ្នាក់តំបន់នៃ ទេសាភិបាលធនាគារកណ្តាល តំបន់អាស៊ីអាគ្នេយ៍ អាមេរិកឡាទីន និងសមុទ្រការ៉ាអ៊ីប (CEMLA) លើកទី៧ ដើម្បីផ្លាស់ ប្តូរបទពិសោធន៍អំពីតួនាទីធនាគារកណ្តាលក្រោយវិបត្តិ និងការពង្រឹងកិច្ចសហ-ប្រតិបត្តិការហិរញ្ញវត្ថុក្នុង តំបន់ទាំង ពីរ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ឯកឧត្តម ជា ចាន់តូ បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់អាស៊ីអាគ្នេយ៍ (SEAV Group) លើកទី៤៥ ដើម្បីពិភាក្សាពីផលប៉ះពាល់ចំពោះសេដ្ឋកិច្ច តំបន់យន្តការតាមដាន និងការពិនិត្យឡើងវិញនូវការធ្វើកំណែទម្រង់កូតា និងការអភិវឌ្ឍអភិបាលកិច្ចល្អរបស់ IMF ។ នៅល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ដដែល ឯកឧត្តមក៏បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានដោយឡែកជាមួយលោកជំទាវ Christine Lagarde ប្រធាន IMF ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការរវាង IMF និង ក្រុមប្រទេសអាស៊ានដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ និងមានតួនាទីកាន់តែ សំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក ។ ក្រៅពីនេះ គណៈប្រតិភូធនាគារជាតិនៃកម្ពុជាក៏បានប្រជុំជាមួយថ្នាក់ដឹកនាំ IMF ផ្សេងៗទៀតដើម្បី ពិភាក្សាពីការផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា និងជួបជាមួយធនាគារិក និងវិនិយោគិនបរទេសមួយ ចំនួនទៀត ដើម្បីជម្រាបជូនពីការវិវត្តរីកចម្រើននៃសេដ្ឋកិច្ចនិងឱកាសវិនិយោគនៅកម្ពុជា ។ ទន្ទឹមពេលជាមួយគ្នានេះដែរ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំមន្ដ្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំខ្ញុំផ្ទាល់និងភរិយា មានក្ដីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមា ដោយព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គទ្រង់បានយាងចូលទីវង្គត នាថ្ងៃទី ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា គ.ស២០១២ វេលាម៉ោង ០១:២០ នាទីរំលងអធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យទីក្រុងប៉េងកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសប្រកបដោយក្ដីខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរា ជានុញ្ញាត សម្ដែងថ្វាយនូវសមានទុក្ខដ៏មហាជ្រាលជ្រៅបំផុត ព្រមទាំងក្ដីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្ដី សោកស្ដាយ ស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់លាចាកលោក ចាកពីទូលព្រះបង្គំយើងខ្ញុំ ដែលជានិច្ចកាលបានដង្ហែយ៉ាងស្មោះ ស្ម័គ្រប្រកប ដោយភក្ដីភាពយ៉ាងជ្រាលជ្រៅ តាមព្រះវីរគំរូ មនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គសម្ដេចឪ ។ ការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមនៃអង្គសម្ដេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គឺជា ការ បាត់បង់នូវតួអង្គព្រះអតីតអង្គព្រះមហាក្សត្រខ្មែរដ៏មហាឆ្នើមគ្មានគូប្រដូចមួយព្រះអង្គ ដែលជានិច្ចកាលទ្រង់ បំពេញ ព្រះរាជបូជនិយកិច្ចដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វាងវៃគ្រប់កាលៈទេសៈ ។ ថ្វីបើព្រះរូបព្រះកាយរបស់ព្រះអង្គបែកកាយរំលាយក្ខន្ធយាងទៅកាន់បរលោកហើយក្ដី ប៉ុន្ដែ ព្រះរាជលំអានព្រះវីរគំរូដ៏ល្អឆ្នើមរបស់អង្គសម្ដេចឪជាអម្ចាស់ ទ្រង់ស្ថិតនៅជានិច្ចក្នុងដួងចិត្តរបស់ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ពិតជាមិនអាចមានថ្ងៃបំភ្លេចបានឡើយ ។ ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំអោនកាយឧទ្ទិសបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ សូមបីបាច់ថែរក្សាដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។