០៧ មេសា ២០១៧
កាលពីថ្ងៃទី៣-៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី១៣, កិច្ចប្រជុំរួមថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងការជំរុញសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន នាឆ្នាំកន្លងទៅ ស្របតាមគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ (AEC 2025)។ ការឈានទៅមុខនៃសមាហរណកម្មនេះ ទទួលបានដោយសារការបង្កើនជាលំដាប់នូវការធ្វើសេរីភាវូបនីយកម្មគណនីមូលធន (CAL) ដែលបានធ្វើឱ្យមូលធនកាន់តែហូរដោយសេរីក្នុងតំបន់, សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ (FSL) ដែលបានអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនៃបណ្តាប្រទេសជាសមាជិកផ្តល់សេវាហិរញ្ញវត្ថុកាន់តែទូលាយ, សមាហរណកម្មវិស័យធនាគារ (ABIF) ដែលមានគោលដៅបង្កើតឱ្យមានគ្រឹះស្ថាន ហិរញ្ញវត្ថុដែលមានគុណវឌ្ឍន៍ (Qualified Asean Bank: QAB) ដែលអាចផ្តល់សេវាធនាគារនៅក្នុងប្រទេសជាសមាជិកដោយគ្មានការរឹតត្បិត, សមាហរណកម្មប្រព័ន្ធទូទាត់ (PSS) ដែលកំពុងធ្វើឱ្យការទូទាត់ក្នុងតំបន់កាន់តែងាយស្រួយ ឆាប់រហ័ស ចំណាយសមរម្យនិងមានប្រសិទ្ធភាព, ការអភិវឌ្ឍទីផ្សារទុន (CMD) ដែលអាចផ្តល់ប្រភពទុនដល់ក្រុមហ៊ុន សហគ្រាសនៅក្នុងអាស៊ាន និងការលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ (FINC) សំដៅឱ្យប្រជាជាតិអាស៊ានទទួលបានការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ គួរកត់សម្គាល់កម្ពុជាបានទទួលពិន្ទុខ្ពស់ក្នុងការធ្វើសេរីភាវូបនីយកម្មក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយសារគោលនយោបាយបើកទូលាយនៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ អាជ្ញាធររូបិយវត្ថុ និងគ្រប់គ្រងប្រព័ន្ធទូទាត់ បានខិតខំប្រឹងប្រែងក្នុងការចូលរួមគាំទ្រនិងជំរុញសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន សំដៅរួមចំណែកធ្វើឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានកាន់តែមានសមាហរណកម្មផ្នែកហិរញ្ញវត្ថុ ជាមួយស្ថិរភាពហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ។
ទន្ទឹមនេះ ដើម្បីបន្តគាំទ្រដំណើរនៃសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន បានផ្តល់ការណែនាំទៅដល់គណៈកម្មាធិការនិងក្រុមការងារជំរុញសមាហរណកម្មវិស័យហិរញ្ញវត្ថុ និងអនុមត្រលើការងារអាទិភាពមួយចំនួន រួមមាន៖ i/- អនុម័តលើការបង្កើតសូចនាករគន្លឹះសម្រាប់វាយតម្លៃការងារ (KPIs) តាមផ្នែកនីមួយនៃសមាហរណកម្ម, ii/- អនុម័តលើការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាន់ខ្ពស់ (SLC) ដើម្បីជួយតាមដានលើវឌ្ឍនភាពការងាររបស់សមាហរណកម្មហិរញ្ញវត្ថុអាស៊ានជារួម និង iii/-អនុម័តឱ្យដាក់បញ្ជូលនូវកិច្ចប្រជុំថ្នាក់ទេសាភិបាលអាស៊ាន (ACGM) កិច្ចប្រជុំរវាងទេសាភិបាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន (AFMCGM) កិច្ចប្រជុំថ្នាក់ទេសាភិបាលរងអាស៊ាន (ACDM) កិច្ចប្រជុំរួមរវាងថ្នាក់ទេសាភិបាលរង និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ (AFCDM) និងតួនាទីរបស់ SLC នៅក្នុងឧបសម្ព័ន្ធមួយនៃធម្មនុញ្ញអាស៊ាន (ASEAN’s Charter) ដែលនិយាយពីរចនាសម្ព័ន្ធអភិបាលកិច្ចអាស៊ាន។
ជាមួយគ្នានេះ ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានក៏បានអប់អរសាទរផងដែរលើការពង្រឹងយន្តការសុវត្ថិភាពហិរញ្ញវត្ថុភាពអាស៊ាន+៣ ដូចជា វឌ្ឍនភាពក្នុងការងារតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុ ដោយសារការពង្រឹងាជាលំដាប់នូវសមត្ថភាពនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ក្នុងការវិភាគនិងតាមដានហានិភ័យចំពោះម៉ាក្រូសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុ, ការពង្រឹងភាពរួចរាល់នៃដំណើរការ CMIM (ដែលជាប្រតិបត្តិការជួយផ្តល់សន្ទនីយភាពដើម្បីបង្កាឬដោះស្រាយវិបត្តិ) និងវឌ្ឍនភាពក្នុងការងារអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណអាស៊ី។ ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុអាស៊ាន+៣ ក្នុងគោលបំណងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុតំបន់ក៏ដូចជាកម្ពុជា ឱ្យកាន់តែរឹងមាំ ដែលនឹងរួមចំណែកពង្រឹងជំនឿទុកចិត្តនិងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ចំពោះការប៉ះទង្គិច ឬវិបត្តិណាមួយដែលអាចកើតឡើងជាយថាហេតុ។
ឯកឧត្តម ទេសាភិបាលនិងគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមផងដែរក្នុងកិច្ចពិភាក្សារវាងថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាននិងតំណាងមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលក្នុងនោះក៏មានតំណាងរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា មកពីធនាគារកម្ពុជាសាធារណៈ (លោកផាន់ យ៉ីងតុង) និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (ឧកញ៉ា ហួត អៀងតុង)។ កិច្ចពិភាក្សាបានផ្តោតការយកចិត្តទុកលើការលើកកម្ពស់ភាពស៊ីជម្រៅផ្នែកហិរញ្ញវត្ថុ ដែលបានរួមចំណែកអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងតួនាទីនិងបញ្ហាប្រឈមរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការពង្រីកសកម្មភាពផ្តល់សេវាហិរញ្ញវត្ថុនៅតំបន់។ បញ្ហាប្រឈមចម្បងមួយរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅក្នុងការចូលរួមក្នុងដំណើរការសមាហរណកម្មហិរញ្ញវត្ថុគឺបទប្បញ្ញាតិកម្មក្នុងប្រទេសជាសមាជិក ដែលនៅមិនទាន់បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពង្រីកសកម្មភាពដោយសេរីនៅក្នុងអាស៊ាន។ គួររំលេចថា នៅកម្ពុជា វិស័យធនាគារកម្ពុជាមានភាពបើកទូលាយ ដោយគ្រឹះស្ថានធនាគារទាំងបរទេសនិងក្នុងស្រុកគឺស្ថិតក្រោមបទប្បញ្ញាតិតែមួយដូចគ្នា ដោយគ្មានរើសអើង។