ព័ត៌មាន
ជំនួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុម​បេសកកម្ម​ថ្មី​របស់​ IMF
០២ ឧសភា ២០១៧

កាលពី​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​ ២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ដែល​ដឹកនាំ​ដោយ​លោក​ Jarkko​ Turunen​ ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់​ IMF​ សម្រាប់​កម្ពុជា​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២-៤​ ខែឧសភា​ ឆ្នាំ​២០១៧​។​ បេសកកម្ម​នេះ​មាន​គោលបំណង​តាមដាន​វឌ្ឍនភាព​ស្ថានភាព​សេដ្ឋកិច្ច​ និង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ ចាប់តាំងពី​ទស្សនកិច្ច​កាលពី​ឆ្នាំ​២០១៦​ ស្តី​ពី​មាត្រា​ទី​៤​ (Article​ IV)​ ហើយ​ក៏​ជា​ឱកាស​សម្រាប់​ឱ្យ​ ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​ បាន​ជួបនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ​។​ 

​ឯកឧត្តម​ ទេសាភិបាល​ បាន​ជម្រាប​ជូន​ក្រុម​បេសកកម្ម​ថា​ ស្ថិរភាព​នយោបាយ​និង​សុខ​សន្តិភាព​នៅ​កម្ពុជា​ មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ចំពោះ​ការ​រីក​ចម្រើន​សកម្មភាព​សេដ្ឋកិច្ច​និង​ទស្ស​វិស័យ​វិជ្ជមាន​របស់​វិស័យ​ឯកជន​។​ កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​រឹង​មាំ​នា​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​២០១៧​ នេះ​ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ក្នុង​អត្រា​ ៧%​ ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អ​ប្រសើរ​ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ជាង​ ៥%​ និង​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល​។​ នៅ​ក្នុង​វិស័យ​ធនាគារ​ អន្តរការី​យ​កម្ម​ហិរញ្ញវត្ថុ​បាន​ដើ​តួនាទី​ស្នូល​ក្នុង​ការ​គាំទ្រ​ការ​រីក​ចម្រើន​សកម្មភាព​សេដ្ឋកិច្ច​ តាម​រយៈ​ការ​កៀរគរ​មូលនិធិ​យក​ទៅ​វិនិយោគ​ក្នុង​វិស័យសេដ្ឋកិច្ច​ចម្បងៗ​។​ បច្ចុប្បន្ន​ អត្រាកំណើន​ឥណទាន​បាន​ថយ​ចុះ​សន្សឹមៗ​ទៅ​ក្នុង​អត្រា​សម​ស្រប​ (១៧,៦%​ នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១៧)​ រួមចំណែក​ធ្វើ​ឱ្យ​ឥណទាន​បន្ត​មានគុណ​ភាពល្អ​ប្រសើរ​។​ វិស័យ​ហិរញ្ញវត្ថុ​បន្ត​ចាក់​ឫស​កាន់តែ​ស៊ីជម្រៅ​នៅ​ក្នុង​សេដ្ឋកិច្ច​ដោយ​ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​ (M2/GDP)​ និង​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ធៀប​នឹង​ផ​.​ស​.​ស​ (Credit/GDP)​ បន្ត​កើន​ឡើងជា​លំដាប់​ដល់​ ៧២%​ និង​ ៨៧%​។​ វឌ្ឍនភាព​វិស័យ​ធនាគារ​ប្រកបដោយ​ស្ថិរភាព​បាន​រួមចំណែក​ក្នុង​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដល់​អត្រា​ប្រមាណ​ ៥២%​ (​អត្រា​ប្រជាជន​ពេញវ័យ​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ធៀប​នឹង​ប្រជាជន​ពេញវ័យ​សរុប​)​។​

​ឯកឧត្តម​ ទេសាភិបាល​ បាន​ជម្រាប​ជូន​ភ្ញៀវ​ផង​ដែរ​ពី​ប្រវត្តិ​រូបិយ​វត្ថុ​កម្ពុជា​ និង​ការ​ឆ្លងកាត់​ដំណាក់កាល​នានា​នៃ​ប្រវត្តិសាស្ត្រ​ ជា​ពិសេស​សង្គ្រាមស៊ីវិល​ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ ៣០​ ឆ្នាំ​ ដែល​ក្នុង​នោះ​ របប​ប៉ុ​ល​ ពត​ បាន​កម្ទេច​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​សង្គម​ រួម​ទាំង​បំផ្លាញ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លុប​បំបាត់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ផង​ដែរ​។​ 

​លោក​ Jarkko​ Turunen​ និង​ក្រុម​បេសកកម្ម​ក៏​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​ លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​បាន​អភិវឌ្ឍ​វិស័យ​ធនាគារ​ ប្រកបដោយ​ភាពរឹងមាំ​ និង​បាន​គ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ​បាន​យ៉ាង​ល្អ​ប្រសើរ​ ជាមួយនឹង​វិធានការ​ម៉ា​ក្រូ​និង​មីក្រូ​ប្រុង​ប្រយ័ត្ន​ និង​ការ​ត្រួតពិនិត្យ​ធនាគារ​។​ លោក​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​បន្ត​រីក​ចម្រើន​វិស័យ​ធនាគារ​ ក៏​ដូច​ជា​សេដ្ឋកិច្ច​កម្ពុជា​ នា​រយៈពេល​មធ្យម​។​ តាង​នាម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ លោក​ក៏​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​មូលនិធិ​រូបិយ​វត្ថុ​ដល់​ដំណើរការ​អភិវឌ្ឍ​កម្ពុជា​ តាម​រយៈ​ ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ ដើម្បី​ពង្រឹងសមត្ថភាព​ស្ថាប័ន​និង​មន្ត្រី​ជំនាញ​ និង​ជួយ​តាមដាន​លើ​វឌ្ឍនភាព​និង​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​រួមចំណែក​បន្ត​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។​