ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អ​ញ្ចើ​ចូលរួម​កិច្ចប្រជុំ​ លើក​ទី​២០​ ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​នៅ​ទីក្រុង​យ៉ូ​កូ​ហា​ម៉ា​ ប្រទេស​ជប៉ុន​
០៤ ឧសភា ២០១៧

​កាលពី​ថ្ងៃ​ទី​៤-៥​ ខែឧសភា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ ទៅ​ចូលរួម​កិច្ចប្រជុំ​ លើក​ទី​២០​ ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​+៣​ កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​៤​ អាស៊ាន​-​ជប៉ុន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀត​ នៅ​ទីក្រុង​យ៉ូ​កូ​ហា​ម៉ា​ ប្រទេស​ជប៉ុន​។​

​កំណើនសេដ្ឋកិច្ច​ក្នុង​អាស៊ាន​+៣​ ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ក្នុង​អត្រា​ប្រមាណ​ ៥,២%​ នៅ​ឆ្នាំ​ ២០១៧​ ជាមួយនឹង​អត្រា​អតិផរណា​ ក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន​។​ កំណើនសេដ្ឋកិច្ច​តំបន់​នឹង​បន្ត​គាំទ្រ​ដោយ​តម្រូវការ​ក្នុងស្រុក​ ស្រប​ពេល​ដែល​ប្រទេស​នីមួយៗ​ អាច​ទាញ​យក​នូវ​ផលប្រយោជន៍​ពី​សមាហរណកម្ម​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​តំបន់​។​ ចំពោះ​ហានិភ័យ​ សេដ្ឋកិច្ច​តំបន់​អាច​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ដែល​អាច​បណ្តាល​មក​ពី​គោលនយោបាយ​គាំពារ​ពាណិជ្ជកម្ម​,​ ការ​រឹត​បន្តឹង​នៃ​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​និង​កំណើន​អតិផរណា​ ជា​ពិសេស​ ក្នុង​រយៈពេល​មធ្យម​។​ ស្ថិត​ក្នុង​ស្ថានភាព​នេះ​ តំបន់​អាស៊ាន​+៣​ គួរតែ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​សិ្ថ​រ​ភាព​ហិរញ្ញវត្ថុ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ តាម​រយៈ​វិធានការ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​ និង​ការ​កែទម្រង់​រចនាសម្ព័ន្ធ​។​

​អង្គប្រជុំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​នៃ​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​អាស៊ាន​+៣​ រួម​មាន​៖

•​ ការ​ពង្រឹងសមត្ថភាព​នៃ​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣​ (AMRO)​ ក្នុង​ការ​វិភាគ​និង​តាមដាន​ហានិភ័យ​ចំពោះ​ម៉ាក្រូសេដ្ឋកិច្ច​និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ ជាមួយនឹង​ការ​បោះផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​លើក​ដំបូង​ សម្រាប់​ឆ្នាំ​២០១៦,​ អត្ថបទ​វិភាគ​ពី​ស្ថានភាព​សេដ្ឋកិច្ច​តំបន់​និង​បញ្ហា​ប្រឈម​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ និង​ការ​វិភាគ​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់​។​ 

•​ ការ​ពង្រឹង​ភាព​រួចរាល់​នៃ​ដំណើរការ​ “​ពហុ​នី​យ​កម្ម​គំនិត​ផ្តួចផ្តើម​ឈៀង​ម៉ៃ​”​ (CMIM)​ សម្រាប់​បង្កា​និង​គ្រប់គ្រង​វិបត្តិ​ក្នុង​តំបន់​។​ អង្គប្រជុំ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​សិក្សា​លើ​ការ​តម្លើង​ IMF​ Delinked​ Portion​ ពី​៣០%​ ទៅ​ ៤០%​ និង​រង់ចាំ​ទទួល​វឌ្ឍនភាព​បន្ថែម​ទៀត​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ពី​ការ​ដំឡើង​នេះ​។​ 

•​ វឌ្ឍនភាព​ក្នុង​ការងារ​អភិវឌ្ឍន៍​ទីផ្សារ​សញ្ញា​បណ្ណ​អាស៊ី​ ដោយ​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុង​តំបន់​។​ ទីផ្សារ​សញ្ញា​បណ្ណ​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ក្នុង​តំបន់​ប្រើប្រាស់​មូលនិធិ​តំបន់​ ដែល​មាន​លក្ខណៈ​ស្ថិរភាព​ មក​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​វិនិយោគ​ក្នុង​តំបន់​ ជា​ពិសេស​ លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ ដែល​នៅ​កំពុង​ត្រូវការ​ហិរញ្ញប្បទាន​ជា​ច្រើន​នៅឡើយ​ ដើម្បី​ត​ភ្ជាប់​ប្រទេស​ក្នុង​តំបន់​ ក៏​ដូច​ជា​ បណ្តា​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​។​ អង្គប្រជុំ​ក៏​បាន​ទទួលយក​សំណើសុំ​តម្លើង​មូលនិធិ​សម្រាប់​កម្មវិធី​ធានា​រ៉ាប់រង​លើ​ឥណទាន​សម្រាប់​ការ​វិនិយោគ​ (CGIF)​ និង​ធ្វើការ​សម្រេចចិត្ត​នា​ពេល​ឆាប់ៗ​។​

​ឆ្លៀតឱកាស​នា​កិច្ចប្រជុំ​នោះ​ ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​និង​ធនាគារកណ្តាល​ជប៉ុន​ ក៏​បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​អាស៊ាន​-​ជប៉ុន​ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​និង​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​។​ ប្រទេស​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រស​ហ​ប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន​ តាម​ការ​វិនិយោគ​ ពាណិជ្ជកម្ម​និង​ជំនួយ​របស់​ជប៉ុន​ មក​ក្នុង​តំបន់​អាស៊ាន​។​ ភាគី​ជប៉ុន​ បាន​បង្ហាញ​ពី​ការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​តំបន់​ ហើយ​បាន​ប្តេជ្ញា​សហការ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​តំបន់​ ការ​ជំរុញ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ជាមួយនឹង​ការ​ជួយ​ដល់​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​ក្នុង​តំបន់​ និង​ជួយ​បង្កើត​មូលនិធិ​ធានា​រ៉ាប់រង​លើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​សម្រាប់​អាស៊ាន​ ដោយ​ចាប់ផ្តើម​ពី​ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​កម្ពុជា​ ឡាវ​និង​មី​យ៉ា​ន់​ម៉ា​ ក្នុង​ការ​បង្កើត​មូលនិធិ​នេះ​ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ធនាគារពិភពលោក​។​