២៥ ឧសភា ២០១៧
កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទលើកទី២៤ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) នៅទីក្រុងម៉ុងត្រឺ ប្រទេសស្វីស។ សន្និសីទនេះ មានការចូលរួមពីសំណាក់ទេសាភិបាល និងប្រតិភូមកពីធនាគារកណ្តាលចំនួន៣០ តំណាង ៤២ ប្រទេស នៅក្នុងទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី ដែលប្រើប្រាស់ភាសាបារាំង។ សន្និសីទនេះ ត្រូវបានរៀបចំឡើងប្រចាំឆ្នាំ ដោយធនាគារកណ្តាលនៃប្រទេសហ្វ្រង់កូហ្វូន ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះសន្និសីទនេះចំនួនពីរដង គឺនៅឆ្នាំ១៩៩៦ និងឆ្នាំ២០១១។ ប្រធានបទនៃសន្និសីទនាឆ្នាំ២០១៧ នេះ បានផ្តោតទៅលើ បច្ចេកវិទ្យា៖ ឱកាសនិងបញ្ហាប្រឈមសម្រាប់ធនាគារកណ្តាល។ នៅក្នុងសន្និសីទនេះ ឯកឧត្តម ទេសាភិបាលរងត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញស្តីពី សុវត្ថិភាពបច្ចេកវិទ្យា (Cybersecurity)៖ ឥទ្ធិពលនៃបច្ចេកវិទ្យាលើការគ្រប់គ្រង និងទំនាក់ទំនងរបស់ធនាគារកណ្តាល។
អង្គប្រជុំបានបង្ហាញពីការជឿនលឿននៃបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យហិរញ្ញវត្ថុ ដែលត្រូវបានឱ្យឈ្មោះថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ សេវាហិរញ្ញវត្ថុផ្អែកលើបច្ចេកវិទ្យានេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន FinTech និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានចាប់ផ្តើមកើនឡើងជាលំដាប់ តាមរយៈសេវា E-banking, Internet Banking, Mobile banking និង Mobile Money ដែលបានផ្តល់សេវាទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់បញ្ញើ និងផ្តល់ឥណទាន ជាដើម។ នៅក្នុងប្រទេសអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុបានសម្រួលដល់ការទូទាត់ និងបង្កើនប្រតិបត្តិការទូទាត់ ជាពិសេសលើប្រតិបត្តិការរាយ ហើយនៅក្នុងប្រទេសកំពុងលូតលាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះការឈានទៅប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយប្រជាជនក្រីក្រ។ ក្នុងបរិការណ៍នេះ បច្ចេកវិទ្យាហិរញ្ញវត្ថុ បានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់ ដោយបានកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុតាមមធ្យោបាយផ្សេងៗ ជាពិសេស តាមរយៈទូរស័ព្ទដៃ ដែលបច្ចុប្បន្ន ប្រជាជនភាគច្រើន ទោះជាមានជីវភាពក្រីក្រក៏ដោយ ក៏អាចមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទដៃបានដែរ។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន FinTech អាចផ្តល់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួលដល់ប្រជាជន នៅគ្រប់ទីកន្លែង និងផ្អែកលើការប្រើប្រាស់កាន់តែច្រើនលើរូបិយវត្ថុអេឡិចត្រូនិក។
ទោះជាយ៉ាងណា កិច្ចពិភាក្សាក៏បានបង្ហាញពីការព្រួយបារម្ភទៅលើឥទ្ធិពលនិងហានិភ័យរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុទៅលើ៖ i/-ការអនុវត្តគោលនយោបាយរូបិយវត្ថុ ដោយសារសកម្មភាពរបស់ FinTech បានរួមចំណែកផងដែរក្នុងការបង្កើនបរិមាណរូបិយវត្ថុ ក្នុងរូបភាពជារូបិយវត្ថុអេឡិចត្រូនិក ii/-ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសលើស្ថិរភាពហិរញ្ញវត្ថុ និង iii/- កិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ហានិភ័យទាំងនេះ អាចកើតឡើងតាមរយៈ៖ i/- ហានិភ័យផ្នែកគតិយុត្តិ៖ ក្រុមហ៊ុនផ្តល់សេវា FinTech នឹងចូលមកប្រកួតប្រជែង និងឈានទៅជំនួសតួនាទីមួយផ្នែករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជន ii/- ហានិភ័យហិរញ្ញវត្ថុ៖ ក្រុមហ៊ុនផ្តល់សេវា FinTech នឹងអាចបង្កើតរូបិយវត្ថុអេឡិចត្រូនិក ដោយគ្មានបដិភាគ និង iii/- ហានិភ័យប្រតិបត្តិការ ដូចជា ការមិនដំណើរការនៃបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
អង្គប្រជុំក៏បានពិភាក្សាលើវិធានការក្នុងការគ្រប់គ្រងនិងទំនាក់ទំនងរបស់ធនាគារកណ្តាល លើប្រតិបត្តិការរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចខាងក្រោម៖
- ការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ គ្រប់គ្រងសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា ការបែងចែកឱ្យបានច្បាស់រវាងប្រតិបត្តិករផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានដែលអនុញ្ញាតិជាផ្លូវការឱ្យបោះផ្សាយរូបិយវត្ថុអេឡិចត្រូនិក
- ការពង្រឹងក្របខ័ណ្ឌការពារអតិថិជន និងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
- ពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបង្កើនការស្វែងយល់ពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ឱ្យបានច្បាស់និងទាន់ពេលវេលា
- ការពង្រឹងការត្រួតពិនិត្យលើប្រតិបត្តិការនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសបង្កើតឱ្យមានក្រុមការងារលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងគោលបំណងវាយតម្លៃហានិភ័យនៃប្រតិបត្តិការ និង
- លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជា ក្នុងចំណោមធនាគារកណ្តាលហ្វ្រង់កូហ្វូន ជាដើម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសម្របសម្រួលលើការប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
នៅកម្ពុជា វិស័យធនាគារបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការផ្តល់សេវាតាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានកើនឡើងផងដែរ ជាពិសេសចំពោះប្រតិបត្តិការទូទាត់និងផ្ទេរប្រាក់។ ការផ្តល់សេវាទាំងនេះ ភាគច្រើនផ្អែកលើការប្រើប្រាស់ទូរស័ព្ទ ដោយចំនួននៃការប្រើប្រាស់ទូរស័ព្ទដៃមាន ប្រមាណ ២០ លាន។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ដោយបានលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតារយៈកំណើននៃប្រជាជនពេញប្រើប្រាស់សេវាហិរញ្ញវត្ថុ កើនឡើងដល់ ៥៤% ធៀបនឹងប្រមាណតិចជា ១០% នាមួយទស្សវត្សរ៍កន្លងទៅ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ក៏បានពង្រឹងក្របខ័ណ្ឌបទប្បញ្ញាតិ ការត្រួតពិនិត្យលើប្រតិបត្តិការតាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ និងដាក់ចេញនូវគោលនយោបាយពង្រឹងសុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យា ប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។