១២ កក្កដា ២០១៧
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យក្រុមបេសកកម្មពិគ្រោះយោបល់មាត្រាទី៤ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Jarkko Turunen អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ បេសកកម្មនេះមានគោលបំណងតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ព្រមទាំងផ្តល់ជាអនុសាសន៍គោល-នយោបាយនានាដើម្បីបន្តពង្រឹងកំណើនសេដ្ឋកិច្ច។
ឯកឧត្តម ទេសាភិបាល បានជម្រាបជូនក្រុមបេសកកម្មថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តមានភាពរឹងមាំ និងរំពឹងថាអាចសម្រេចបានកំណើនក្នុងអត្រា ៧% ក្នុងឆ្នាំ២០១៧នេះ ជាមួយនឹងអត្រាអតិផរណាទាបជាង ៥%។ ចំណែកទុនបម្រុងអន្តរជាតិ បានកើនឡើងជាលំដាប់ដែលអាចធានាការនាំចូលទំនិញនិងសេវាបានរហូតដល់ ៦ខែ។ ចំពោះវិស័យធនាគារ លំហូរវិនិយោគផ្ទាល់បរទេសមានកំណើនប្រមាណ ៨៩% ដែលរួមចំណែកដោយលំហូរទុនវិនិយោគរបស់ធនាគារបរទេសថ្មីចំនួនពីរ គឺប្រេដប៊ែង ខេមបូ ភីអិលស៊ី និងសាខាធនាគារមីហ្ស៊ូហូ អិលធីឌី គួបផ្សំនឹងការបន្ថែមដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីអនុលោមតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ កំណើនឥណទានបានថយចុះគួរឱ្យកត់សម្គាល់ពីប្រមាណជាមធ្យម ២៨% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះមកត្រឹម១៦% នៅឆមាសទី១ ឆ្នាំ២០១៧។ ម្យ៉ាងវិញទៀត ធនាគារជាតិនៃកម្ពុជាបន្តពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងដាក់ចេញនូវវិធានការមីក្រូនិងម៉ាក្រូប្រុងប្រយ័ត្ននានា សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ការពង្រឹងឧបករណ៍គោលនយោបាយរូបិយវត្ថុផ្អែកលើយន្តការទីផ្សារ ព្រមទាំងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក៏ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ជំនួយបច្ចេកទេសមកធនាគារជាតិនៃកម្ពុជាជាបន្តបន្ទាប់ ដូចជា ផ្តល់ជាជំនាញលើផ្នែកត្រួតពិនិត្យធនាគារនិងអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនពីការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈកិច្ចប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រនិងអប់រំរបស់អង្គការសហប្រជាជាតិ (UNESCO) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់និងជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយបានឆ្លុះបញ្ចាំងពីស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ។
លោក Jarkko Turunen ក៏បានសម្តែងការសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចខ្ពស់។ IMF នឹងបន្តគាំទ្ររាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស។
នៅរយៈពេលពីរសប្តាហ៍ខាងមុខនេះ ក្រុមបេសកកម្មរបស់លោកនឹងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនានា ដើម្បីវាយតម្លៃឱ្យបានស៊ីជម្រៅពីវឌ្ឍនភាពនិងបញ្ហាប្រឈមចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជា និងរួមចំណែកផ្តល់ជាអនុសាសន៍សំខាន់ៗដល់កម្ពុជាក្នុងការបន្តសម្រេចបាននូវកំណើនរឹងមាំប្រកបដោយចីរភាព។
ទំនាក់ទំនង៖
ផ្នែកទំនាក់ទំនង, ធនាគារជាតិនៃកម្ពុជា
លេខទូរស័ព្ទ៖ (៨៥៥) ២៣ ៩៩០ ១៩៦
អ៊ីម៉ែល៖ nbccommunication@nbc.org.kh