១៣ កញ្ញា ២០១៧
សូមអបអរសាទរប្រាក់រៀល ដែលត្រូវបានទីផ្សារអន្តរធនាគារនៅតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន ដាក់ផ្សាយអត្រាប្តូរប្រាក់ទ្វេភាគីជាមួយប្រាក់យ៉ន់ចិន សម្រាប់ធ្វើការដោះដូរដោយផ្ទាល់រវាងប្រាក់រៀលជាមួយនឹងប្រាក់យ៉ន់ចិននៅលើទីផ្សារនេះ។ ពិធីសម្ពោធដាក់ឱ្យដំណើរការដោះដូររវាងប្រាក់រៀលនិងប្រាក់យ៉ន់នេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា, ឯកឧត្តម Yin Yong ទេសាភិបាលរង ធនាគារកណ្តាលចិន និងឯកឧត្តម Peng Qinghua លេខាគណៈកម្មាធិការបក្ស តំបន់ស្វយ័ត Guangxi Zhuang ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃអាជ្ញាធររូបិយវត្ថុនិងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ចិននិងអាស៊ានជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណានីង ប្រទេសចិន ក្នុងឱកាសនៃវេទិកាកំពូលស្តីពីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុអាស៊ាន-ចិនលើកទី៩។
ការដាក់ប្រាក់រៀលនិងប្រាក់យ៉ន់ឱ្យដោះដូរនេះ ជាលទ្ធផលនៃការកើនឡើងនៃទំនាក់ទំនងទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ រវាងកម្ពុជានិងចិន ក៏ដូចជាបង្ហាញពីការគាំទ្ររបស់ចិនមកលើប្រាក់រៀល និងជាពិសេសឆ្លុះបញ្ចាំងពីកាឆ្លើយតបនឹងសេចក្តីត្រូវការប្រាក់រៀលរបស់ពាណិជ្ជករចិន ដែលអាចនឹងកើនឡើងសម្រាប់ការដោះដូរទ្វេភាគី នាពេលអនាគត។ កន្លងមកប្រទេសចិន ក៏បានជំរុញការប្រើប្រាស់រូបិយវត្ថុជាតិក្នុងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសដទៃផងដែរ ដូចជា ជាមួយប្រទេសម៉ាឡេស៊ីនិងថៃជាដើម។ នាឱកាសនោះ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងកម្ពុជា-ចិន ដោយបច្ចុប្បន្នប្រទេសចិនជាប្រភពនៃលំហូរវិនិយោគបរទេសចំណាត់ថ្នាក់ទី១របស់កម្ពុជា ហើយទេសចរចិនក៏ជាប់លេខរៀងទី១ ក្នុងចំណោមទេសចរបរទេសមកទស្សនាកម្ពុជាផងដែរ ស្របពេលដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាងពីរដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ឯកឧត្តម បានបញ្ជាក់ពីការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ចំពោះការបង្កើតឱ្យមានអត្រាប្តូរប្រាក់ទ្វេភាគី (រៀលនិងយ៉ន់) នេះឡើង ដោយរំពឹងថា តាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិក្នុងសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងជួយកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងភាពឆាប់រហ័សក្នុងការទូទាត់ ព្រមទាំងបង្កើនលទ្ធភាពឱ្យធនាគារកណ្តាលទាំងពីរចូលរួមកាន់តែសកម្មក្នុងការគាំទ្រការរីកចម្រើនទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទាំងអស់នេះនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសទាំងពីរបន្ថែមទៀត នាពេលអនាគត។