១២ តុលា ២០១៧
កាលពីថ្ងៃ១២-១៣ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតរបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៧ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ នាឱកាសកិច្ចប្រជុំនោះ គណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមក្នុងកិច្ចប្រជុំនិងកម្មវិធីសំខាន់ៗផ្សេងទៀតផងដែរ ដូចជា៖ i/- កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលរបស់មណ្ឌលអាស៊ីអាគ្នេយ៍ (SEAV Group) ដែលមានប្រទេសអាស៊ីអាគ្នេយ៍ជាសមាជិក ii/- កិច្ចប្រជុំកម្រិតខ្ពស់រវាងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកជំទាវ Christine Lagarde និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ-ទេសាភិបាលធនាគារកណ្តាលរបស់បណ្តាប្រទេសសមាជិកអាស៊ាន iii/- កិច្ចប្រជុំជាមួយនាយកដ្ឋានទីផ្សារទុននៃមូលនិធិរូបិយវត្ថុអន្តរជាតិ និង iv/-កិច្ចប្រជុំនិងសន្និសីទពាក់ព័ន្ធផ្សេងទៀត។
មហាសន្និបាតប្រចាំឆ្នាំ២០១៧ នេះ បានប្រព្រឹត្តដោយជោគជ័យ ដោយមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាល នៃប្រទេសជាសមាជិក។ កិច្ចប្រជុំបានកត់សម្គាល់ពីការប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ដោយអត្រាកំណើនត្រូវបានរំពឹងថានឹងកើនខ្ពស់ជាងការព្យាករកាលពីដើមឆ្នាំបន្តិច គឺនៅឆ្នាំ២០១៧ ក្នុងអត្រា ៣,៦% និង នៅឆ្នាំ២០១៨ ក្នុងអត្រា ៣,៧%។ ភាពប្រសើរឡើងនេះជាចម្បងបណ្តាលមកពីកំណើននៃការវិនិយោគ ពាណិជ្ជកម្ម និងផលិតកម្មឧស្សាហកម្ម ជាមួយនឹងទំនុកចិត្តរឹងមាំជាងមុននៃអ្នកប្រើប្រាស់និងធុរកិច្ច ជាពិសេស នៅក្នុងតំបន់អឺរ៉ូ ប្រទេសជប៉ុន ប្រទេសកំពុងលូតលាស់នៅអាស៊ីនិងអឺរ៉ុប។ ទោះយ៉ាងណា កំណើននៅក្នុងប្រទេសមួយចំនួនធំក៏នៅមានភាពទុនខ្សោយនៅឡើយផងដែរ ហើយអតិផរណានៅតែស្ថិតក្នុងកម្រិតទាបជាគោលដៅ នៅប្រទេសអភិវឌ្ឍន៍ភាគច្រើន។ នៅរយៈកាលខ្លី ហានិភ័យអាចនិយាយបានថានឹងមិនបង្កផលប៉ះពាល់ដល់កំណើនទេ ប៉ុន្តែនៅរយៈកាលមធ្យម ហានិភ័យនៅតែអាចនាំឱ្យកំណើនសេដ្ឋកិច្ចថយចុះ។ ក្នុងស្ថានភាពនេះ មូលនិធិរូបិយវត្ថុអន្តរជាតិស្វាគមន៍នយោបាយនិងវិធានការទាំងឡាយណាដែលមានគោលដៅជំរុញកំណើនសក្តានុពល និងកសាងភាពធនទៅនឹងហានិភ័យរយៈកាលមធ្យម។ ដោយឡែកចំពោះស្ថានភាពតំបន់ សេដ្ឋកិច្ចអាស៊ានក៏ត្រូវបានព្យាករថានឹងកើនឡើងខ្ពស់ជាការរំពឹងទុកបកាលពីខែមេសា ដើមឆ្នាំបន្តិចផងដែរ គឺកើនក្នុងអត្រា ៥,១% នៅឆ្នាំ២០១៧ និង២០១៨។
ដើម្បីសម្រេចបានកំណើននេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានបន្តប្តេជ្ញាគាំទ្រប្រទេសជាសមាជិក តាមរយៈការតាមដានលើវឌ្ឍនភាពសេដ្ឋកិច្ច ផ្តល់ជំនួយបច្ចេកទេស និងក្នុងករណីចាំបាច់ផ្តល់កម្ចីសម្រាប់ដោះស្រាយការប៉ះទង្គិចមកលើសេដ្ឋកិច្ចឬពង្រឹងភាពធននៃសេដ្ឋកិច្ច។ ចំពោះសេដ្ឋកិច្ចកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃខ្ពស់លើភាពរឹងមាំនៃកំណើនសេដ្ឋកិច្ច ជាពិសេសរក្សាបាននូវកំណើនខ្ពស់ ធៀបនឹងបណ្តាប្រទេសជាសមាជិកនានា និងបានសន្យាថានឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវកំណើនខ្ពស់ ដូចការគ្រោងទុកបន្តទៀត។