ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ចើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល SEACEN លើកទី៣៧ និងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលលើកទី៥៣ ស្តីពី “ការបន្តរក្សាស្ថិរភាពក្នុងស្ថានភាពអស្ថិរភាពពិភពលោក” នៅទីក្រុងបាងកក ប្រទេសថៃ
១៥ ធ្នូ ២០១៧

នៅ​ថ្ងៃ​សុក្រ​ ១២​រោច​ ដល់​ថ្ងៃអាទិត្យ​ ១៤​រោច​ ខែ​មិគសិរ​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥-១៧​ ខែធ្នូ​ គ​.​ស​.​ ២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​ SEACEN​ លើក​ទី​៣៧​ និង​សន្និសីទ​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​លើក​ទី​៥៣​ ស្តី​ពី​ “​ការ​បន្ត​រក្សា​ស្ថិរភាព​ក្នុង​ស្ថានភាព​អ​ស្ថិរភាព​ពិភពលោក​”​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ សន្និសីទ​និង​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ធនាគារកណ្តាល​ថៃ​ និង​មានការ​ចូលរួម​ពី​សំណាក់​ទេសាភិបាល​ធនាគារកណ្តាល​និង​អាជ្ញាធរ​រូបិយ​វត្ថុ​ដទៃ​ទៀត​ដែល​ជា​សមាជិក​មជ្ឈមណ្ឌល​ស៊ា​សិន​មក​ពី​ ១៩​ ប្រទេស​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ព្រមទាំង​តំណាង​មក​ពី​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ (BIS)​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ជា​ច្រើន​រូប​ទៀត​។​

 
​សន្និសីទ​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​លើក​ទី​៥៣​ បាន​ពិភាក្សា​ពី​ហានិភ័យ​មក​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ដែល​អាច​កើត​ចេញពី​ការ​ធ្វើ​ប្រក្រតី​កម្ម​គោលនយោបាយ​រូបិយ​វត្ថុ​របស់​សហរដ្ឋអាមេរិក​ បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គោលនយោបាយ​គាំពារ​និយម​ និង​នវានុវត្ដន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ​ត្រូវ​បាន​ទទួលស្គាល់​ថា​បាន​ផ្តល់​កាលានុវត្តភាព​ដល់​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ តាម​រយៈ​ការ​កាត់​បន្ថយថ្លៃ​សេវា​និង​ផលិតកម្ម​នានា​ ភាព​ឆាប់រហ័ស​និង​សុវត្ថិភាព​នៃ​ការ​ទូទាត់​ ដែល​បន្ត​គាំទ្រ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ​ ប៉ុន្តែ​ក៏​ភ្ជាប់​ជាមួយ​នូវ​ហានិភ័យ​ផង​ដែរ​ប្រសិនបើ​មិន​មានការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​ ជា​ពិសេស​ឥទ្ធិពល​ទៅ​លើ​ថ្លៃ​ ការងារ​ និង​ការ​ប្រើប្រាស់​។​ សន្និសីទ​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​ក៏​ដូច​ជា​ភាព​ចាំបាច់​ក្នុង​ការ​បញ្ចូល​ការងារ​ស្ថិរភាព​ហិរញ្ញវត្ថុ​ទៅ​ក្នុង​មុខងារ​ភារកិច្ច​របស់​ធនាគារកណ្តាល​ ទន្ទឹម​នឹង​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ ដែល​នៅ​តែ​ជា​ការងារ​អាទិភាព​របស់​ធនាគារកណ្តាល​ ក្នុង​ការ​រួមចំណែក​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​។​


​ទន្ទឹម​នេះ​ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​ SEACEN​ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធផល​ការងារ​ក្នុង​ឆ្នាំ​២០១៧​ និង​ទិស​ដៅ​រយៈកាល​មធ្យម​របស់​មជ្ឈមណ្ឌល​ស៊ា​សិន​។​ នា​ឱកាស​នោះ​ ឯកឧត្តម​ ជា​ ចាន់​តូ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​ និង​គាំទ្រ​ទិស​ដៅ​ការងារ​របស់​មជ្ឈមណ្ឌល​ស៊ា​សិន​។​ ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ជា​សមាជិក​ដ៏​សកម្ម​មួយ​របស់​មជ្ឈមណ្ឌល​ស៊ា​សិន​បាន​ទទួល​នូវ​ការ​ជួយ​ពង្រឹងសមត្ថភាព​ជំនាញ​ធនាគារកណ្តាល​ពី​មជ្ឈមណ្ឌល​ស៊ា​សិន​ និង​បាន​រួមចំណែក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស៊ា​សិន​ផង​ដែរ​។​ ជា​រួម​ អង្គប្រជុំ​បាន​អបអរសាទរ​លទ្ធផល​ប្រចាំឆ្នាំ​២០១៧​ របស់​មជ្ឈមណ្ឌល​ស៊ា​សិន​ គាំទ្រ​ការ​ធ្វើ​កំណែទម្រង់​របស់​ស៊ា​សិន​ និង​បាន​អនុម័ត​លើ​ការ​ពង្រឹង​តួនាទី​របស់​ស៊ា​សិន​ក្នុង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ ការ​ស្រាវជ្រាវ​ និង​ពង្រឹងសមត្ថភាព​ជំនាញ​នានា​ដល់​ប្រទេស​ជា​សមាជិក​។​


​ឆ្លៀតឱកាស​នោះ​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាល​ថៃ​ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ធនាគារ​ ដែល​អនុស្សរណៈ​យោគយល់​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​ ស្រប​តាម​ការ​រីក​ចម្រើន​និង​ទំនាក់ទំនង​នៃ​ប្រព័ន្ធ​ធនាគារ​ទាំង​ពីរ​។​