ព័ត៌មាន
កិច្ចប្រជុំក្រុមការងាររបស់សហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ
២៥ មេសា ២០១៨

ធនាគារជាតិនៃកម្ពុជា សហការជាមួយសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion) ហៅកាត់ថា AFI ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងាររបស់សហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) ចំនួន ២ គឺក្រុមការងាររៀបចំយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុ (FISPLG) និង ក្រុមការងាររៀបចំបទដ្ឋានរួមសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (GSP)។ កិច្ចប្រជុំនេះមានគោលបំណង​បន្តកិច្ចពិភាក្សានិងការរៀបចំគោលនយោបាយនានាពាក់ព័ន្ធនឹងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងជាពិសេសចំពោះការលើកកម្ពស់ប្រជាពលរដ្ឋនៅជនបទឲ្យមានលទ្ធភាព ទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។

នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក​កិច្ចប្រជុំក្រុមការងារខាងលើ​។ សហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ ឬ AFI គឺជាស្ថាប័នអន្តរជាតិមិនស្វែងរកបា្រក់ចំណេញ និងមានបេសកកម្មផ្តោតសំខាន់លើការរៀបចំគោលនយោបាយនិងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិយាប័ន្នហិរញ្ញវត្ថុ។

នៅក្នុងពិធីបើកកិច្ចប្រជុំខាងលើ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា​ នេះគឺជាលើកទីមួយហើយដែលសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ ហៅកាត់ថា AFI បានសម្រេចជ្រើសរើសយកប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបតែម្តង ជាទីកន្លែងរៀបចំកិច្ចប្រជុំខាងលើនេះ និងការចូលរួមពីអ្នករៀបចំគោលនយោបាយ បញ្ញត្តិករ  មន្ត្រីត្រួតពិនិត្យ មន្រ្តីធនាគារកណ្តាល និងភាគីពាក់ព័ន្ធផ្សេងទៀតដូចជា ស្ថាប័ននានារបស់អង្គការសហប្រជាជាតិ និងស្ថាប័នស្រាវជ្រាវអន្តរជាតិជាដើម សរុបប្រមាណ ៩០ រូប មកពីប្រទេសចំនួន ៤៣ នៃគ្រប់ទ្វីបទាំងអស់ដែលជាសមាជិករបស់សហព័ន្ធ AFI។

ឯ​កឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងជាពិសេសការជំរុញឲ្យប្រជាពលរដ្ឋជនបទអាចទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ បានរួមចំណែកយ៉ាងច្រើនដល់ការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។ តាមរយៈលទ្ធផលនៃការអង្កេតស្រាវជ្រាវរបស់ FinScope កាល​ពី​ឆ្នាំ២០១៥ បានបង្ហាញថា ៥៩% នៃចំនួនប្រជាពលរដ្ឋពេញវ័យសរុបមានលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ១២% ទៀតបានប្រើប្រាស់សេវាហិរញ្ញវត្ថុមិនផ្លូវការ និង ២៩% ទៀតពុំទាន់បានប្រើប្រាស់សេវាហិរញ្ញវត្ថុនៅឡើយ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ​      បច្ចេកវិទ្យាហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំង និងមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការទទួលបាននិងការប្រើបា្រស់សេវាហិរញ្ញវត្ថុឲ្យប្រកបដោយគុណភាពនិងតម្លៃសមស្រប ហើយ ប្រជាពលរដ្ឋដែលប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក៏ទទួលបានការគាំទ្រត្រឹមត្រូវតាមច្បាប់។

ជាបញ្ចប់ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនអង្គពិធីថា បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួង-ស្ថាប័ននានា កំពុងរៀបចំសេចក្តីព្រាងស្តីពីយុទ្ធសាស្រ្តជាតិសម្រាប់   បរិយាប័ន្នហិរញ្ញវត្ថុ ហើយគ្រោងនឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០១៨នេះ។



ចុចត្រង់នេះទាញយកឯកសារ