ព័ត៌មាន
សិក្ខាសាលា​រួម​ស្តី​ពី​ ទស្សនៈ​វិស័យសេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​
២២ ឧសភា ២០១៨

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៨​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំ​រិ​ទ្ធិ​ស័ក​ ព​.​ស​.​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៨​ ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​មូលនិធិ​រូ​បិ​វត្ថុ​អន្តរជាតិ​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “​ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ -​ វេលា​ល្អ​,​ វេលា​មិន​ច្បាស់លាស់​៖​ ពេល​ដែល​ត្រូវ​ត្រៀមលក្ខណៈ​”​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រោម​អធិបតីភាព​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ និង​វត្តមាន​របស់​លោកស្រី​ Yong​ Sarah​ Zhou​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ សរុប​ប្រមាណ​ ១០០​នាក់​។​ ខ្លឹមសារ​នៃ​សិក្ខាសាលា​នេះ​បាន​បង្ហាញ​ថា​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ ៥,៦%​ នៅ​ឆ្នាំ​២០១៨-២០១៩​ ដែល​ជា​កម្រិត​ខ្ពស់​ធៀប​នឹង​តំបន់​ដទៃ​ និង​បាន​រួមចំណែក​ប្រមាណ​ពីរ​ភាគ​បី​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ ស្រប​ពេល​ដែល​អតិផរណា​បន្ត​មាន​កម្រិត​ទាប​។​ ទោះ​យ៉ាងណា​ តំបន់​នេះ​ក៏​កំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​មួយ​ចំនួន​ រួម​មាន​៖​ i/-​ ប្រក្រតី​កម្ម​គោលនយោបាយ​រូបិយ​វត្ថុ​ ii/-​ ទស្សនវិស័យ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ iii/-​ ឥទ្ធិពល​នៃ​កំណែទម្រង់​សារពើពន្ធ​របស់​សហរដ្ឋអាមេរិក​ និង​ iv/-​ ហានិភ័យ​ផ្សេងៗ​ទៀត​ដូច​ជា​ បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ និង​គ្រោះ​ធម្មជាតិ​ជាដើម​។​ 
​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​មាន​ភាព​ធន់​ និង​កំណើន​រឹង​មាំ​ អ្នក​រៀបចំ​គោលនយោបាយ​ត្រូវ​យកចិត្តទុកដាក់​លើ​៖​ i/-​ គោលនយោបាយ​សារពើពន្ធ​គួរ​ផ្តោត​លើ​ការ​កសាង​លំហ​សារពើពន្ធ​ ii/-​ គោលនយោបាយ​រូបិយ​វត្ថុ​គួរ​មាន​ភាព​ម៉ឺងម៉ាត់​ iii/-​ គោលនយោបាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​កាន់តែ​មាន​សារៈសំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ និង​ iv/-​ គោលនយោបាយ​រចនាសម្ព័ន្ធ​គួរ​ត្រូវ​បាន​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​អសកម្ម​នានា​។​ ជា​រួម​ សិក្ខាសាលា​នេះ​បាន​ផ្តល់​ជា​វេទិកា​ពិភាក្សា​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​ឥទ្ធិពល​មក​លើ​កម្ពុជា​ រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង​វិស័យ​ឯកជន​និង​វិស័យ​សារ​ធារ​ណៈ​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​ផ្តល់​ជា​ធាតុ​ចូល​ទៅ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​នានា​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព​។​