១៨ តុលា ២០១៨
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់សម្រាប់សមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន លើកទី១៦ ក្នុងនាមជាសហប្រធានដឹកនាំអង្គប្រជុំ ជាមួយនឹង ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាលរងធនាគារកណ្តាលម៉ាឡេស៊ី នៅខេត្ត Sabah ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាលើចំណុចចម្បងៗរួមមាន៖ i/. ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់ ii/. វឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ានផ្សេងៗ និង iii/. គំនិតផ្តួចផ្តើមរៀបចំវេទិកាចែករំលែកព័ត៌មានអំពី Cybersecurity ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
កិច្ចប្រជុំនេះត្រូវបានចូលរួមដោយសហប្រធានទាំងអស់នៃគណៈកម្មាធិការអាស៊ានស្តីពីសមាហរណកម្មវិស័យហិរញ្ញវត្ថុរួមមានគណៈកម្មាធិការ ៖ ក្របខ័ណ្ឌសមាហរណកម្មវិស័យធនាគារអាស៊ាន (ABIF), សេរីភាវូបនីយកម្មគណនីមូលធន (CAL), អភិវឌ្ឍទីផ្សារមូលធន (CMD), បរិយាប័ន្នហិរញ្ញវត្ថុ (FINC), សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ (FSL), ប្រព័ន្ធទូទាត់និងផាត់ទាត់ (PSS), និងគណៈកម្មាធិការដឹកនាំការកសាងសមត្ថភាព (SCCB)។
ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យឃើញថា អនុគណៈកម្មធិកាសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ានភាគច្រើនបានសម្រេចតាមទិសដៅការងារស្ទើរតែទាំងស្រុងក្នុងរយៈពេលកន្លងមក និងបានកំណត់រួចរាល់ផងដែរនូវទិសដៅអាទិភាពក៏ដូចជាសូចនាករវាស់វែងវឌ្ឍនភាពសម្រាប់ឆ្នាំ២០១៩ខាងមុខ។
ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់វិញ អង្គប្រជុំបានពិនិត្យឃើញថាកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ានបន្តមានភាពរឹងមាំ ប៉ុន្តែអាចនឹងថមថយបន្តិចនៅឆ្នាំក្រោយដោយសារហានិភ័យចម្បងៗដូចជា សង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងភាពរឹតត្បិតនៃស្ថានភាពហិរញ្ញវត្ថុសកល។
អង្គប្រជុំក៏បានព្រមព្រៀងគ្នាផងដែរចំពោះការពិចារណាឱ្យមានវេទិកាចែករំលែកព័ត៌មានអំពី Cybersecurity ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដោយសារតែបច្ចុប្បនមានការកើនឡើងជាបន្តបន្ទាប់នូវសកម្មភាពឧក្រិតកម្មតាមបណ្តាញអ៊ិនធឺណេត និងប្រព័ន្ធអេឡិចត្រូនិក។ បទឧក្រិដ្ឋទាំងនោះ បានបង្កឱ្យមានការខាតបង់ ដូចជា ការបាត់បង់ទិន្នន័យសំខាន់ៗ ការបាត់បង់ផ្នែកហិរញ្ញវត្ថុ និងការបង្អាក់ដំណើរការមុខជំនួញជាដើម។ ហានិភ័យទាំងនេះ អាចផ្តល់ផលប៉ះពាល់អវិជ្ជមានចំពោះដំណើរការសមាហរណកម្មវិស័យហិរញ្ញវត្ថុរបស់អាស៊ាននាពេលខាងមុខ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាចាំបាច់ពីប្រទេសជាសមាជិកទាំងអស់។