ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ការិយាល័យទីស្នាក់ការកណ្តាលថ្មីធនាគារ សហពាណិជ្ជ ក.អ
១១ ធ្នូ ២០១៨

នា​រសៀល​ថ្ងៃ​អង្គារ​ ៤​កើត​ ខែ​មិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៨​ ឯកឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ និងជាឧបការី ឯកឧត្តម ទេសាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ​​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ នូវការិយាល័យទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារ សហពាណិជ្ជ ក.អ  ដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្ម និងចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ។ ការណ៍នេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ ភាគទុនិកធនាគារ សហពាណិជ្ជ ក.អ ក្នុងការវិនិយោគយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ការសម្រេចបានជារូបរាងនូវអគារថ្មីដ៏ស្រស់ស្អាតនេះក៏បានឆ្លុះបញ្ចាំង អំពីភាពរឹងមាំនិង រីកចម្រើនថែមទៀតរបស់ធនាគារ ក្នុងការជំរុញដល់ការបង្កើនជំនឿទុកចិត្តរបស់សាធារណជនទូទៅ និងវិនិយោគិនជាតិនិងអន្តរជាតិ មកលើវិស័យធនាគារនិងហិរញ្ញវត្ថុ។