១១ វិចិ្ឆកា ២០១២
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត កំពង់ធំ ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះ ជួយស្រុកសន្ទុក និង ជា អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកជំទាវ ខៀវ ស៊ីណា បានអញ្ជើញជាគណៈ អធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាង សង់អគារ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អូរសោម ចំនួន ១ខ្នង ៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ។ នៅពេលដែល ឯកឧត្តម ជា ចាន់តូ និងក្រុមការងារអញ្ជើញដល់ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ និងប្រជាពលរដ្ឋ ប្រមាណជាង ៦០០នាក់ បានទទួលស្វាគមន៍ យ៉ាងរាក់ទាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ជា ចាន់តូ និងលោក ជំទាវ ខៀវ ស៊ីណា ព្រមទាំងប្រតិភូអមដំណើរ ដែលជានិច្ចជាកាលតែងតែចុះជាប់ និងសួរសុខទុក្ខ ដល់ ប្រជាពលរដ្ឋនៅស្រុកសន្ទុក ក៏ដូចជានៅទូទាំងខេត្តកំពង់ធំទាំងមូល ។ ជាកិច្ចចាប់ផ្ដើម លោក ពេជ្យ សុធា អភិបាលស្រុកសន្ទុក បានឱ្យដឹងថា សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អូរសោម នេះ ស្ថិតនៅក្នុងភូមិអូរសោម ឃុំបឹងល្វាលើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាតំបន់ដាច់ស្រយាល ស្ថិតនៅក្នុងព្រៃ មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមស្រុកសន្ទុក ។ បន្ទាប់មក ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណនិងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹក រលឹក ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន នៅទីនោះ និងបានជម្រាបថា អគារសាលាបឋមសិក្សានេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង អាជ្ញាធរនៅភូមិ អូរសោមនេះ ។ ការផ្ដល់សាលារៀនរបស់លោកជំទាវពេលនេះ មានអត្ថន័យសំខាន់ខ្លាំងណាស់ ចំពោះប្រជាជន កម្ពុជាយើង ព្រោះជាការផ្ដល់ខឿននៃចំណេះដឹងជូនបងប្អូននិងកូនចៅប្រជាជនយើង សម្រាប់ធ្វើជាយាននិងស្ពាន យានទៅចាប់យកការងារនិងការប្រកបអាជីវកម្មល្អប្រសើរក្នុងជីវិតនៅពេលអនាគត ហើយការផ្ដល់កម្មសិទ្ធិដីធ្លី ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការងារវាស់វែងដីធ្លីរបស់ក្រុមយុវជន ស្ម័គ្រចិត្តសម្ដេចតេជោនាពេលនេះ គឺជាការផ្ដល់ទុននិងទ្រព្យធនជូនបងប្អូនប្រជាពលរដ្ឋឱ្យរស់នៅក្នុងភាព ពិតប្រាកដនិងសុខសាន្ដ។ សូមបងប្អូន ប្រជាពលរដ្ឋនិងអាជ្ញាធរទាំងអស់ខិតខំជួយរួមចំណែកថែរក្សាការពារទ្រព្យសម្បត្តិទាំងនេះឱ្យបានគង់វង្សតរៀងទៅ។ ទន្ទឹមពេលនោះ ឯកឧត្តមក៏បានមានប្រសាសន៍រំលឹកពីប្រវត្តិ ឃុំបឹងល្វាលើនេះផងដែរថា កាលពីមុនសម័យសង្គ្រាម នៅទសវត្សរ៍ឆ្នាំ១៩៧០ នៅទីនោះមានប្រជាជនរស់នៅ ប៉ុន្តែនៅឆ្នាំ១៩៧០ ដោយសារសង្គ្រាមប្រជាជននៅទីព្រៃ ជ្រៅនោះ ត្រូវបានអាជ្ញាធរជម្លៀសឱ្យមករស់នៅក្បែរថ្នល់ជាតិ ហើយដាក់ឈ្មោះទីនោះជាឃុំបឹងល្វាថ្មី ពោលគឺឃុំ បឹងល្វាប៉ែកខាងក្រោមវិញ ។ បន្ទាប់ពីប្រទេស កម្ពុជាយើងមានសន្តិភាព១០០% នៅទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបមានប្រជាជនមួយចំនួនបានវិលត្រឡប់ទៅរស់ នៅក្នុងភូមិកំណើតរបស់ ដូនតាខ្លួនវិញ ដើម្បីប្រកបមុខរបរកសិកម្មដំណាំចម្ការ ។ ដូច្នេះ ឃុំបឹងល្វាប៉ែកខាងលើជា ឃុំថ្មី ជាតំបន់ ដាច់ស្រយាលស្ថិតនៅក្នុងព្រៃ មានចម្ងាយ ៨០ គីឡូម៉ែត្រ ពីទីរួមស្រុកសន្ទុក និងសព្វថ្ងៃមានប្រជាជន ចាស់ និងចំណូលថ្មីរស់នៅចំនួន ៤៥៨ គ្រួសារ ប៉ុន្តែ ក្រសួងមហាផ្ទៃពុំទាន់ទទួលស្គាល់ឃុំបឹងល្វាប៉ែកខាងលើនេះ ជារដ្ឋបាលដែនដីផ្លូវការរបស់ស្រុកសន្ទុកនៅឡើយទេ ។ ដោយឡែក តំបន់អូរសោម ជាភូមិថ្មី ទើបមានប្រជាជន ចូលទៅ រស់នៅចំនួន ១៧០ គ្រួសារ ស្មើនឹង៧១០ នាក់ ក្នុងនោះមានសិស្សានុសិស្សកម្រិតបឋមសិក្សាពីថ្នាក់ទី១ ដល់ទី៦ ចំនួន ២១០ នាក់ សិក្សាក្នុងរោងឈើ ១ខ្នង មានចំនួន ២បន្ទប់ ដោយដំបូលប្រក់ស្បូវមួយកំណាត់និង ស័ង្កសីមួយកំណាត់ ហើយជញ្ជាំងមានបាំងបន្ទះឫស្សី ។ បច្ចុប្បន្ន អគារសិក្សានេះត្រូវបាន ឯកឧត្តម ជា ចាន់តូ ឱ្យជាងជួសជុលចាក់សាប ស៊ីម៉ង់ត៍បាតអគារ ប្រក់ដំបូល ស័ង្កសី និងបាំងជញ្ជាំងក្តារជុំវិញ ដើម្បីឱ្យសិស្សានុសិស្ស អាចបន្តការសិក្សាជាបណ្តោះ អាសន្នមួយរយៈសិន មុនពេលអគារសិក្សាថ្មីនេះត្រូវបានសាងសង់រួចរាល់ជា ស្ថាពរ ។ ឯកឧត្តម ជា ចាន់តូ ក៏បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ដែលគ្រប់ឃុំនៅទូទាំងស្រុកសន្ទុក មាន សាលារៀនគ្រប់គ្រាន់ ជាពិសេសមានអនុវិទ្យាល័យទាំងអស់ ដែលនេះជាការរួមចំណែកជួយលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា ស្របតាមអនុសាសន៍របស់សមេ្តចប្រមុខរដ្ឋាភិបាល ក្នុងការបង្ខិតសាលារៀនឱ្យនៅជិតផ្ទះប្រជាជន ដើម្បី ផ្តល់លទ្ធភាពដល់កូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា ។ ឯកឧត្តមបានបន្តទៀតថា នេះគឺជាការចូលរួមអនុវត្ត ចក្ខុវិស័យដ៏វែងឆ្ងាយរបស់សមេ្តចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិសេសនោះគឺ វិស័យអាទិភាពទាំង៤ ៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស ។ កាលណាប្រទេសជាតិយើងសម្បូរទៅដោយធនធាន មនុស្សយើងពិតជាមានកម្លាំងគ្រប់គ្រាន់ក្នុង ការអភិវឌ្ឍប្រទេសជាតិ ។ ខណៈពេលនោះដែរ ឯកឧត្តមក៏បានដឹកនាំក្រុមសកម្មជនយុវជនធនាគារជាតិនៃកម្ពុជាដើម្បីណែនាំ និងទៅ ជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ដែលកំពុងបំពេញបេសកកម្មវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋនៅតំបន់នោះដែរ ។ បន្ទាប់ពីក្រុមយុវជនទាំងពីរបានជួបសំណេះសំណាលគ្នាដោយ ស្មារតីភាតរភាព និងរាក់ទាក់រួចមក ក្រុមសកម្មជនយុវជនធនាគារជាតិនៃកម្ពុជាបានជួយឧបត្ថម្ភ អាវរងា អាវភ្លៀង ឆ័ត្រ មួក នំចំណី ទឹកសុទ្ធ ប្រេងកូឡា ប្រេងខ្យល់ ថ្នាំមូស និងថវិកាមួយចំនួន ដើម្បីជួយរួមចំណែកសម្រួលការលំបាក ។ នៅក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់តូ និង លោកជំទាវ ខៀវ ស៊ីណា បាននាំយកអំណាយមួយចំនួន ចែកជូន លោកគ្រូអ្នកគ្រូ និងប្រជាជន សរុប ២០០ នាក់ ម្នាក់ៗទទួលបានសារុង១ សិស្សានុសិស្សចំនួន ៣០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម ខ្មៅដៃ ១ដើម ថវិកា ១.០០០រៀល ។ បន្ទាប់មក ឯកឧត្តម ជា ចាន់តូ និងប្រតិភូអមដំណើរ ក៏បានជួបសំណោះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្ត ដែល បានចុះវាស់វែងដីធ្លី និងបានពាំនាំនូវការសាកសួរសុខទុក្ខនិងការនឹករលឹកពីសម្តេចទាំងបី និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតជូនក្រុមយុវជន ស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋនៅទីនោះ ។