០២ ឧសភា ២០១៩
កាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ ក្រោមសហប្រធានរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលថៃនិងចិននៅប្រទេសហ្វីជី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន និងកូរ៉េ សំដៅពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ អភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណជារូបិយវត្ថុរបស់ប្រទេសក្នុងតំបន់និងកិច្ចសហការដទៃទៀត។
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ចតំបន់អាស៊ាន+៣ នាពេលកន្លងមក ថាបន្តរក្សាបាននូវភាពរឹងមាំ ហើយនៅឆ្នាំ២០១៩នេះ សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ត្រូវបានរំពឹងថានឹងបន្តកើនឡើងក្នុងអត្រា ៥,១% ហើយនឹងស្ថិតក្នុងអត្រា ៥% នៅឆ្នាំ២០២០ (ការប៉ាន់ស្មានរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ - AMRO) ជាមួយនឹងកម្រិតអតិផរណាទាប។ ហានិភ័យចម្បងៗចំពោះតំបន់រួមមាន កំណើនភាពតានតឹងផ្នែកពាណិជ្ជកម្មពិភពលោកដោយសារការដំឡើងពន្ធដោយសហរដ្ឋអាមេរិក ការប្រែប្រួលខ្លាំងនៃតម្លៃទ្រព្យសកម្ម ការថយចុះល្បឿនកំណើននៅប្រទេសចិន ការថយល្បឿនកំណើនប្រទេស G៣ និងការធ្លាក់ចុះថ្លៃប្រេងអន្តរជាតិ គួបផ្សំជាមួយភាពតានតឹងកត្តាភូមិសាស្ត្រនយោបាយ។
ក្នុងបរិការណ៍នេះ រដ្ឋមន្ត្រីនិងទេសាភិបាលអាស៊ាន+៣ បានបង្ហាញជំហររួមក្នុងការបន្តអនុវត្តគោលនយោបាយគាំទ្រពាណិជ្ជកម្មពហុភាគីដោយស្របទៅតាមនីតិវិធី បើកចំហពាណិជ្ជកម្មក្នុងតំបន់ និងលើកកម្ពស់ការវិនិយោគក្នុងតំបន់ឱ្យកាន់តែសកម្ម ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា ដូចជាការកើនឡើងនៃចំនួនមនុស្សចាស់ជរា, ការកើនឡើងវិសមភាព និងហានិភ័យបច្ចេកវិទ្យា។ ជាមួយគ្នានេះ អង្គប្រជុំបានប្តេជ្ញាពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការពង្រឹងការតាមដានស្ថានភាពសេដ្ឋកិច្ច ការពង្រឹងយន្តការសំណាញ់សុវត្តិភាពតំបន់ និងការដាក់ចេញនូវគោលនយោបាយប្រកបដោយភាពប្រុងប្រយ័ត្ន។ វឌ្ឍនភាពចម្បងៗនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ចាប់តាំងពីកិច្ចប្រជុំក្នុងខែឧសភា ឆ្នាំ២០១៨ រួមមាន៖ ១/- ការបន្តពង្រឹងសមត្ថភាពតាមដាននិងវិភាគសេដ្ឋកិច្ចរបស់ការិយាល័យ AMRO ទៅលើប្រទេសសមាជិក ក៏ដូចជាតំបន់ ហើយបានផ្តល់ជាអនុសាសន៍ក្នុងការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ជូនប្រទេសជាសមាជិក ២/- ការពង្រឹងយន្តការត្រៀមជួយគ្នាសម្រាប់បង្ការនិងគ្រប់គ្រងវិបត្តិ ក្រោមពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ៣/- ការធ្វើការកែសម្រួលកិច្ចព្រមព្រៀងនិងគោលការណ៍អនុវត្តរបស់ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ ស្របតាមស្ថានភាពរីកចម្រើននៃតំបន់ ការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និង ៤/- ការពង្រឹងការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណជារូបិយវត្ថុរបស់សមាជិក ដើម្បីផ្តល់ប្រភពទុនដល់សកម្មភាពសេដ្ឋកិច្ចនិងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
ធនាគារជាតិនៃកម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន+៣ ដោយបាន៖ ១/-ចូលរួមក្នុងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង និងគោលការណ៍អនុវត្តរបស់ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ ២/- ចូលរួមពិភាក្សាលើការបង្កើតសញ្ញាប័ណ្ណជារូបិយវត្ថុជាតិ នៅកម្ពុជា ៣/- ពង្រឹងគុណភាពទិន្នន័យនិងធ្វើឱ្យទិន្នន័យមានសង្គតិភាពជាមួយបណ្តាប្រទេសក្នុងតំបន់ ៤/-គាំទ្រដល់ការពង្រឹងសមត្ថភាពការិយាល័យAMRO និង ៥/- ចូលរួមក្នុងការសាកល្បង (Test-run) យន្តការ CMIM ក្នុងគោលបំណងពង្រឹងការអនុវត្ត CMIM។