២១ សីហា ២០១៩
នាថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ត្រូវបានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) អញ្ជើញឱ្យចូលរួមធ្វើជាវាគ្មិនលើប្រធានបទ “តួនាទីរបស់សហគ្រាសធុនតូចនិងមធ្យមដែលមានម្ចាស់ជាស្ត្រី (WSMEs) នៅក្នុងសេដ្ឋកិច្ចកម្ពុជា” និងបានចូលរួមក្នុងកិច្ចពិភាក្សាស្តីពី “ឧបសគ្គនិងកាលានុវត្តភាពសម្រាប់ការបង្កើនការទទួលបានសេវាហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុរបស់ WSMEs ក្នុងប្រទេសកម្ពុជា” នៅក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ស្តីពី “ការស្វែងរកកាលានុវត្តភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលមានម្ចាស់ជាស្ត្រីនៅកម្ពុជា”។ ស្របជាមួយនឹងលទ្ធផលនៃរបាយការណ៍របស់ IFC លោកជំទាវ បានលើកឡើងនូវបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមទូទៅ និងបានសង្កត់ធ្ងន់លើបញ្ហាប្រឈមជាចម្បងរបស់សហគ្រាសធុនតូចនិងមធ្យមដែលមានម្ចាស់ជាស្ត្រី ដោយសារតែការរើសអើងយ៉េនឌ័រ។ ផ្អែកតាមរបាយការណ៍នេះ ៦១% នៃធុរកិច្ចនៅកម្ពុជាគឺគ្រប់គ្រងដោយស្ត្រី ប៉ុន្តែសហគ្រិនជាស្ត្រីត្រឹម ៣% ប៉ុណ្ណោះដែលអាចទទួលបានឥណទានជាផ្លូវការ ដែលឆ្លុះបង្ហាញថា សហគ្រិនជាស្ត្រីនៅមានតម្រូវការឥណទានដែលមិនទាន់អាចបំពេញបាន និងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤,២ប៊ីលានដុល្លារអាមេរិក។ លោកជំទាវ បានលើកឡើងថា ហិរញ្ញវត្ថុគឺជាឧបករណ៍សំខាន់មួយក្នុងការដោះស្រាយបញ្ហាសមភាព និងការលើកកម្ពស់យ៉េនឌ័រនៅទូទាំងតំបន់អាស៊ាននិងតំបន់ផ្សេងៗទៀត ហើយលោកជំទាវ ក៏បានជំរុញដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការទាញយកអត្ថប្រយោជន៍ពីផ្នែកមួយនេះនៃសេដ្ឋកិច្ច តាមរយៈការបង្កើតផលិតផលដែលអាចជួយជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុ និងសម្រេចបានតុល្យភាពយ៉េនឌ័រនៅក្នុងសេដ្ឋកិច្ច។