២២ កញ្ញា ២០១៩
នារសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា ចូលរួមក្នុងវេទិកាកំពូលចិន-អាស៊ាន លើកទី១១ ស្តីពី កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងវេទិកាអន្តរជាតិស្តីពី ការធ្វើអន្តរជាតូបនីយកម្មប្រាក់យ៉ន់និងការប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសជាសមាជិកសម្រាប់ការទូទាត់ នៅទីក្រុងណាននីង ប្រទេសចិន។ សន្និសីទទាំងពីរធ្វើឡើង ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ានលើកទី១៦ នៅទីក្រុងណាននីង ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ក្នុងវិស័យហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការវិនិយោគ ពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចនានា នៃតំបន់ទាំងពីរ។ នាឱកាសនោះ ឯកឧត្ដម ជា ចាន់តូ ត្រូវបានអញ្ជើញឱ្យធ្វើសុន្ទរកថា ក្នុងវេទិកាទាំងពីរខាងលើ។ ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលកន្លងមក។ ពាក់ព័ន្ធនឹងវិស័យធនាគារ វិស័យនេះមានភាពបើកទូលាយនិងមានសមាហរណកម្ម នៅក្នុងតំបន់ ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ាន+៣។ ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ និងបានពង្រឹងសមាហរណកម្ម ជាមួយប្រទេសចិន និងសមាជិកអាស៊ាន។ កាលពីឆ្នាំ២០១៧ កន្លងទៅ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលចិន បានអនុញ្ញាតឱ្យប្រាក់រៀល ធ្វើការជួញដូរនៅទីផ្សារអន្តរធនាគារនៃ ខេត្តGuangxi Zhou ហើយប្រាក់រៀលនិងប្រាក់យ៉ន់ ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ទូទាត់ពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងកម្ពុជា។ នៅកម្ពុជា មធ្យោបាយទូទាត់តាមរយៈ Alipay, WeChat Pay ជាដើម ក៏ត្រូវបានប្រើប្រាស់ដើម្បីសម្រួលការទូទាត់របស់ភ្ញៀវទេសចរ ផងដែរ។ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន កម្ពុជាក៏បានពង្រឹងការតភ្ជាប់ការទូទាត់ជាមួយសមាជិកអាស៊ាន ជាពិសេស ការទូទាត់ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី តាមរយៈប្រព័ន្ធធនាគារ និងការប្រើប្រាស់ QR Code។
ឯកឧត្ដម ទេសាភិបាល ក៏បានជម្រាបអង្គវេទិកាពីការបន្តរួមចំណែករបស់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយសមាជិកអាស៊ាន និងចិន ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៃតំបន់ទាំងពីរ ឱ្យបានរឹងមាំ។
ឯកឧត្ដម ជា ចាន់តូ ក៏បានអញ្ជើញជាកិត្តិយសក្នុងការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសចិននិងសមាជិកអាស៊ានផងដែរ។