ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ ដឹកនាំ​គណៈប្រតិភូ​ចូលរួម​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​កិច្ចប្រជុំ​លើក​ទី​៥២​ នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​
១៤ តុលា ២០១៩

ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១៤-១៩​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ សហរដ្ឋអាមេរិក​។​
​មហាសន្និបាត​របស់​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ ត្រូវ​បាន​រៀបចំ​ឡើង​ប្រចាំឆ្នាំ​ ដើម្បី​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ​ និង​ធនាគារកណ្តាល​នៃ​ប្រទេស​ជា​សមាជិក​ បាន​ជ្រាប​ពី​លទ្ធផល​សម្រេច​បាន​នានា​ បញ្ហា​ប្រឈម​ និង​គោលដៅ​ការងារ​អាទិភាព​នៃ​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​។​
​នា​ឱកាស​មហាសន្និបាត​នេះ​ ឯកឧត្តម​ ទេសាភិបាល​ និង​គណៈប្រតិភូ​ ក៏​បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៥២​ នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​បាន​ពិភាក្សា​អំពី​ស្ថានភាព​សេដ្ឋកិច្ច​តំបន់​ បញ្ហា​ប្រឈម​និង​គោលនយោបាយ​ដោះស្រាយ​ និង​ផែនការ​ការងារ​នៃ​ការិយាល័យ​តំណាង​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នៅ​ IMF​ សម្រាប់​ការពារ​ផលប្រយោជន៍​និង​សំឡេង​ប្រទេស​ជា​សមាជិក​ ក្នុង​ការ​សម្រេច​នានា​របស់​ IMF​ ។​ គណៈប្រតិភូ​ ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​បាន​ជួប​ប្រជុំ​ ជាមួយ​ប្រធាន​និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​អាស៊ី​បា​ស៊ី​ហ្វិ​ក​ និង​នាយកដ្ឋាន​ទីផ្សារ​ទុន​និង​រូបិយ​វត្ថុ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​តម្រូវការ​ជំនួយ​បច្ចេកទេស​ពី​ IMF​។​ គួរ​បញ្ជាក់​ថា​ កន្លង​មក​ IMF​ តែងតែបាន​ផ្តល់​ជំនួយ​បច្ចេកទេស​ មក​កម្ពុជា​ ជា​ពិសេស​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ពង្រឹងសមត្ថភាព​ធនធានមនុស្ស​និង​ស្ថាប័ន​ តាម​រយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​និង​បណ្តុះបណ្តាល​។​ 
​ឯកឧត្តម​ ទេសាភិបាល​ ក៏​បាន​ចូលរួម​កិច្ចប្រជុំ​តុមូល​ រវាង​ ថ្នាក់​ទេសាភិបាល​និង​រដ្ឋមន្ត្រី​អាស៊ាន​ ជាមួយ​នាយិកា​ថ្មី​របស់​ IMF​ គឺ​លោកស្រី​ Kristalina​ Georgieva​ ដែល​ទើប​ឡើង​កាន់​តំណែង​នា​ដើមខែ​តុលា​ ឆ្នាំ​២០១៩​នេះ​។​ កិច្ចប្រជុំ​នេះ​ មាន​គោលបំណង​ផ្តល់​ឱកាស​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ បង្ហាញ​ពី​បញ្ហា​ប្រឈម​ក្នុង​បរិការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្ន​ និង​ពី​តម្រូវការ​នានា​ទៅ​កាន់​ IMF​។​ ឯកឧត្តម​ ទេសាភិបាល​ បាន​ជម្រាប​អង្គប្រជុំ​ពី​ការ​រីក​ចម្រើន​ និង​បញ្ហា​ប្រឈម​ចម្បងៗ​របស់​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​ថ្លែងអំណរគុណ​ IMF​ ដែល​កន្លង​មក​បាន​រួមចំណែក​ក្នុង​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ តាម​រយៈ​ការ​បំពេញ​មុខងារ​ ភារកិច្ច​របស់​ខ្លួន​ ជា​ពិសេស​ ក្នុង​ការ​តាមដាន​ វាយតម្លៃ​ និង​ផ្តល់​អនុសាសន៍​ល្អៗ​ដែល​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ របស់​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា​។​
​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ទេសាភិបាល​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​យន្តការ​ស្វ​ប់​សម្រាប់​ឆ្នាំ​២០១៩-២០២១​ នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​ អនុស្សរណៈ​យោគយល់​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ ចាប់តាំងពី​២០០៥​ មក​ ក្នុង​គោលបំណង​បង្ហាញ​ពី​កិច្ចព្រមព្រៀង​ជួយ​ផ្តល់​សន្ទនីយ​ភាព​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ សម្រាប់​ពង្រឹង​បណ្តាញ​ការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​អាស៊ាន​។​
​ក្រៅពី​នេះ​ គណៈប្រតិភូ​ ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ សិក្ខាសាលា​ សន្និសីទ​ និង​វេទិកា​នានា​ ដែល​រៀបចំ​ឡើង​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ បញ្ហា​ប្រឈម​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មីៗ​ និង​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​