០៧ វិចិ្ឆកា ២០១៩
ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បានដឹកនាំ គណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិ ថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ២០១៩ ស្តីពី “គ្មានលុយសម្រាប់ ភេរវករ” ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី តាមការអញ្ជើញរបស់ ឯកឧត្តម Peter Dutton សមាជិកសភា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី ដោយមានអ្នកចូលរួមជារដ្ឋមន្ត្រី អគ្គរដ្ឋទូតមកពី ៦៧ប្រទេស អង្គការអន្តរជាតិធំៗ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទូទាំងពិភពលោក សរុបប្រមាណជាង ៥០០នាក់។
សន្និសីទនេះរៀបចំឡើងដើម្បីផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់ឱ្យវិស័យ សាធារណៈ និងវិស័យឯកជនដែលទទួលបន្ទុកប្រឆាំងហិរញ្ញប្បទានភេរវកម្មនិងភេរវកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិធានការទប់ស្កាត់ ស្វែងរក និងប្រឆាំងហិរញ្ញប្បទានភេរវកម្ម នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល តាមរយៈការពិនិត្យលើហានិភ័យថ្មីៗ ព្រមទាំងប្រសិទ្ធភាពនៃវិធានការអនុវត្តសេចក្តីសម្រេចលេខ UNSCR 2462។
សន្និសីទប្រចាំឆ្នាំ២០១៩នេះ គឺពិនិត្យលើវឌ្ឍនភាពនិងវិធានការនានាពាក់ព័ន្ធនឹង ប្រធានបទធំៗ ដូចជា ១/-ការគំរាមកំហែងថ្មីៗនៃហិរញ្ញប្បទានភេរវកម្ម ២/-ជម្រើសជាសកលក្នុងការដោះស្រាយករណីចាប់ជំរិតទារប្រាក់របស់ពួកភេរវករ ៣/-ការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ៤/-ហានិភ័យនៃប្រព័ន្ធទូទាត់និង បច្ចេកវិទ្យាថ្មីៗ ដូចជា ទ្រព្យសកម្មនិម្មិត និងប្រតិបត្តិការអនាមិក និង ៥/-តម្លាភាព និងអភិបាលកិច្ចនៃអង្គការមិនស្វែងរកប្រាក់ចំណេញ។
នាឱកាសនោះ ឯកឧត្តម ជា ចាន់តូ បានចូលរួមធ្វើបទអន្តរាគមន៍ ដោយគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិ និងយន្តការក្នុងស្រុក ព្រមទាំង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុង ការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិនៅកម្រិតតំបន់ និងកម្រិតសកលលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម ដើម្បីចូលរួមចំណែកប្រឆាំងភេរវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។