ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​លើក​ទី​២​ រវាង​ប្រទេស​ចិន​ និង​ប្រទេស​សិង្ហ​បុរី​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ឆុង​ជី​ង​ ប្រទេស​ចិន​
០៤ វិចិ្ឆកា ២០១៩

នៅ​ថ្ងៃ​ចន្ទ​-​អង្គារ​ ៨-៩​កើត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៤-៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​លើក​ទី​២​ រវាង​ប្រទេស​ចិន​ និង​ប្រទេស​សិង្ហ​បុរី​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ឆុង​ជី​ង​ ប្រទេស​ចិន​ ក្រោម​ទស្សនាទាន​ “​ការ​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ -​ ការ​បើកចំហ​និង​ន​វា​នុ​វត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ច្រក​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​តាម​ផ្លូវគោក​និង​ផ្លូវទឹក​។​ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ព្រមទាំង​ជំរុញ​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​។​ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ​ លោក​ជំទាវ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ថ្លែង​សុន្ទរកថា​ ដែល​ក្នុង​នោះ​ លោក​ជំទាវ​បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​និង​អាស៊ាន​ ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​និង​អាស៊ាន​នា​ពេល​កន្លង​មក​ តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា​ ផ្លូវ​ ស្ពាន​ កំពង់​ផែ​ ផ្លូវ​រថភ្លើង​ និង​វា​រី​អគ្គិសនី​ ជាដើម​ សម្រាប់​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ផង​ និង​រវាង​អាស៊ាន​និង​សាធារណរដ្ឋ​ចិន​ផង​ដែរ​។​ លោក​ជំទាវ​ បាន​បន្ថែម​ថា​ កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​អាច​បើក​គណនី​ជា​ប្រាក់​យ៉​ន់​ចិន​ និង​ភ្ជាប់​ការ​ទូទាត់​ជាមួយ​ Alipay​ និង​ WeChat​ Pay​ សម្រាប់​អតិថិជន​ធ្វើការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ និង​សម្រួល​ដល់​ការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ​ចិន​នៅ​កម្ពុជា​ផង​ដែរ​។​
​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​ ទេសាភិបាល​រង​ ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ​ “​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​និង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​”​ ផង​ដែរ​។​ លោក​ជំទាវ​បាន​ចែករំលែក​បទ​ពិសោធន៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ទូទាត់​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ដោយ​ផ្តោត​លើ​គោលនយោបាយ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​៖​ ១/-​ការ​ផ្តល់​នូវ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​អំណោយផល​ក្នុង​ការ​គាំទ្រ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ដោយ​គិតគូរ​អំពី​តុល្យភាព​រវាង​នវានុវត្តន៍​និង​ស្ថិរភាព​ ២/-​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កណ្តាល​ដើម្បី​លើកកម្ពស់​ការ​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្នា​ (Interoperability)​ រវាង​គ្រឹះស្ថាន​ដែល​ផ្តល់​សេវា​ទូទាត់​ ៣/-​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី​ជំរុញ​ការ​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ប្រទេស​។​ ការ​អនុវត្ត​គោលនយោបាយ​ទាំងនេះ​នឹង​រួមចំណែក​កាត់​បន្ថយ​កម្រៃ​សេវា​ទូទាត់​និង​ផ្ទេរ​ប្រាក់​ បង្កើន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ ពង្រីក​ការ​ផ្តល់​សេវា​ដល់​ជនបទ​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ប្រជាជន​ងាក​មក​ប្រើប្រាស់​សេវា​តាម​បណ្តាញ​ផ្លូវការ​វិញ​។​ ទន្ទឹម​នោះ​ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​រួម​មាន​ ភាព​គ្រប់គ្រាន់​និង​ភាព​បត់បែន​នៃ​បទ​ប្បញ្ញត្តិ​ បម្រែបម្រួល​ឆាប់រហ័ស​នៃ​ទីផ្សារ​ ស្តង់ដារ​ ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ជា​ពិសេស​ សុវត្ថិភាព​បណ្តាញ​ (Cyber​ Security)​ និង​តុល្យភាព​ រវាង​ន​វា​នុ​វត្ត​និង​ស្ថិរភាព​។​