ព័ត៌មាន
ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នាសម័យប្រជុំ លើកទី៤ នីតិកាលទី៦ នៃរដ្ឋសភា
០៤ មិថុនា ២០២០

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង​សហការី បានចូលរួមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីការពារច្បាប់ នៅរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំ​ លើកទី៤ នីតិកាលទី៦ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៨រូប។

            របៀបវារៈនៃសម័យប្រជុំមានចំនួនបួន គឺ៖

១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការ​រីកសាយភាយអាវុធមហាប្រល័យ។

២-  ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម។

៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែក​ច្បាប់​ក្នុង​វិស័យព្រហ្មទណ្ឌ។

៤-  ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា​ណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ​ឆ្នាំ១៨៨៦និងវិសោធនកម្មឆ្នាំ១៩៧៩។

            ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នាឱកាសនោះមាន​ដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានអង្គសភាអនុម័តយល់ព្រមទាំងមូល មានចំនួន ១១៩សំឡេង។

២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានអង្គសភាអនុម័តយល់ព្រមទាំងមូល មានចំនួន ១១៨សំឡេង។​

ច្បាប់ទាំងពីរនេះមានសារៈសំខាន់ណាស់ ព្រោះជាកាតព្វកិច្ចរបស់យើងក្នុងនាម​ជា​សមាជិក​របស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG) និងក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បី​ពង្រឹង​ប្រព័ន្ធប្រឆាំង​ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ​​​អាវុធមហា​ប្រល័យ កាន់តែមានតម្លាភាព សុចរិតភាព និងប្រសិទ្ធភាព។