ព័ត៌មាន
ពិធី​ប្រគល់​សៀវភៅ​ប្រវត្តិ​និង​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ “​ការ​កសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​បន្ន​”​ ជូន​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​
០៨ កញ្ញា ២០២០

នៅ​ថ្ងៃ​អង្គារ​ ៦​រោច​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សៀវភៅ​ប្រវត្តិ​និង​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ “​ការ​កសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​បន្ន​”​ ជូន​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ សៀវភៅ​នេះ​រៀបរាប់​អំពី​ដំណើរ​កកើត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ គោលបំណង​និង​បុព្វហេតុ​នៃ​ការ​អភិវឌ្ឍ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ សមាសភាព​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ​ សារៈ​ប្រយោជន៍​របស់​មីក្រូហិរញ្ញវត្ថុ​ និង​រំលេច​នូវ​ទស្សនាទាន​អំពី​អនាគត​របស់​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​ប្រកបដោយ​និរន្តរភាព​។​ ឯកឧត្តម​ អគ្គនាយក​ត្រួតពិនិត្យ​ បាន​បញ្ជាក់​ថា​ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចាប់​កកើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ក្រោយ​ពេល​ការ​ដួល​រលំ​នៃ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ហើយ​បាន​បន្ត​រីក​ចម្រើន​ជា​បន្តបន្ទាប់​ ជា​ពិសេស​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ តាង​នាម​ ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ឯកឧត្តម​ អគ្គនាយក​ត្រួតពិនិត្យ​បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ ដែល​បាន​សហការ​ជា​ដៃគូ​យ៉ាង​ល្អ​ចំពោះ​ការ​អនុវត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ និង​ចំពោះ​ការ​ផ្តល់​មតិយោបល់​នានា​កន្លង​មក​ ដែល​ការ​អនុវត្ត​បែប​នេះ​គឺជា​កត្តា​មូលដ្ឋាន​យ៉ាង​សំខាន់​ធ្វើ​ឱ្យ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​ ទាំង​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​ ហើយ​ជា​ពិសេស​ទៀត​នោះ​គឺ​តួនាទី​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ជនបទ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​ ក្នុង​អារម្ភកថា​នៃ​សៀវភៅ​នេះ​ ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា​ “​កាលពី​បួន​ទសវត្សរ៍​កន្លង​មក​ ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​ចារឹក​យ៉ាង​ច្បាស់​ពី​ដំណើរ​ងើបឡើង​វិញ​របស់​ប្រទេស​កម្ពុជា​ ពី​ស្ថានភាព​មួយ​ដែល​ខ្ទេចខ្ទាំ​ដល់​ឬ​ស​គល់​ ជា​ពិសេស​ វិស័យ​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង​ និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​លែង​មាន​ជំនឿ​មក​លើ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។​ កត្តា​ប្រវត្តិសាស្ត្រ​នេះ​ គឺជា​មូលដ្ឋាន​សម្រាប់​ធ្វើការ​វិភាគ​ និង​ស្វែង​យល់​អំពី​មូលហេតុ​ ឧបសគ្គ​ និង​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​ជំនាន់​មុន​បាន​ជួប​ប្រទះ​។​ ក៏​ប៉ុន្តែ​ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​និង​ការ​ងើបឡើង​វិញ​យ៉ាង​ត្រដាបត្រដួស​ដោយ​ខ្លួនឯង​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចចិត្ត​ខាង​នយោបាយ​ដ៏​ត្រឹមត្រូវ​ និង​ប្រកបដោយ​ទស្សនៈ​វែង​ឆ្ងាយ​ ដោយ​បាន​អនុញ្ញាត​ឱ្យ​វិស័យ​ធនាគារ​ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ​អនុវត្ត​តាម​យន្តការ​ទីផ្សារ​ ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឱ្យ​សកម្មភាព​មីក្រូហិរញ្ញវត្ថុ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​”​។​