ព័ត៌មាន
ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​សិក្ខាសាលា​ជាន់ខ្ពស់​ដែល​សហការ​រៀបចំ​រួម​គ្នា​រវាង​ ម​ជ្ឍ​មណ្ឌល​ស្រាវជ្រាវ​និង​បណ្តុះបណ្តាល​ធនាគារកណ្តាល​អាស៊ី​អាគ្នេយ៍​ (SEACEN)​ និង​ ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ (BIS)​ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ប្រតិបត្តិ​ SEACEN​ លើក​ទី​១៩​
១៤ កញ្ញា ២០២០

កាលពី​ថ្ងៃ​ចន្ទ​ ១២​រោច​ និង​ ថ្ងៃ​អង្គារ​ ១៣​រោច​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤-១៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​ក្រុមការងារ​ ចូលរួម​សិក្ខាសាលា​ជាន់ខ្ពស់​ដែល​សហការ​រៀបចំ​រួម​គ្នា​រវាង​ ម​ជ្ឍ​មណ្ឌល​ស្រាវជ្រាវ​និង​បណ្តុះបណ្តាល​ធនាគារកណ្តាល​អាស៊ី​អាគ្នេយ៍​ (SEACEN)​ និង​ ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ (BIS)​ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ប្រតិបត្តិ​ SEACEN​ លើក​ទី​១៩​ តាម​រយៈ​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត​ ។​ សិក្ខាសាលា​និង​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បូ​រី​ដែល​ជា​ប្រធាន​ក្នុង​អាណត្តិ​នេះ​ និង​មានការ​ចូលរួម​ពី​សំណាក់​ទេសាភិបាល​រង​ធនាគារកណ្តាល​និង​អាជ្ញាធរ​រូបិយ​វត្ថុ​ដទៃ​ទៀត​ដែល​ជា​សមាជិក​មជ្ឈមណ្ឌល​ស៊ា​សិន​ ព្រមទាំង​តំណាង​មក​ពី​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ (BIS)​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ជា​ច្រើន​រូប​ទៀត​។​ សិក្ខាសាលា​ជាន់ខ្ពស់​ បាន​ពិភាក្សា​ និង​ចែករំលែក​ទស្សនវិស័យ​ អំពី​ ស្ថានភាព​ក្រោយ​ការ​រីក​រាលដាល​ជំងឺ​ជាស​កល​ និង​ស្ថានភាព​ប្រក្រតី​ថ្មី​ (new​ normal)​ បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​។​ ស្ថានភាព​អាសន្ន​នៃ​សុខភាព​សាធារណៈ​ពិភពលោក​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ទស​វត្ស​កន្លង​មកនេះ​។​ រដ្ឋាភិបាល​និង​ធនាគារកណ្តាល​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ម៉ឺងម៉ាត់​និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​រក្សា​ស្ថិរភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ បាន​ជំរុញ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ជា​ច្រើន​រាប់​បញ្ចូល​ទាំង​ វិស័យ​ធនាគារ​និង​ការ​ទូទាត់​ផង​ដែរ​។​ ខណៈ​ពេល​ ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​ ថា​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​ ការ​ផ្លាស់​ប្តូរ​ជា​លក្ខណៈ​រចនាសម្ព័ន្ធ​អាច​កើត​មាន​ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​។​ទន្ទឹម​នេះ​ កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ប្រតិបត្តិ​ SEACEN​ លើក​ទី​១៩​ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធផល​ការងារ​ក្នុង​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ របស់​មជ្ឈមណ្ឌល​ស៊ា​សិន​។​ ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ជា​សមាជិក​ដ៏​សកម្ម​មួយ​របស់​មជ្ឈមណ្ឌល​ស៊ា​សិន​បាន​ទទួល​នូវ​ការ​ជួយ​ពង្រឹងសមត្ថភាព​ជំនាញ​ធនាគារកណ្តាល​ពី​មជ្ឈមណ្ឌល​ស៊ា​សិន​ និង​បាន​រួមចំណែក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស៊ា​សិន​ផង​ដែរ​។​ ជា​រួម​ អង្គប្រជុំ​ គាំទ្រ​ការ​ធ្វើ​កំណែទម្រង់​ការងារ​របស់​ស៊ា​សិន​ក្នុង​ឆ្នាំ​២០២០​ និង​បាន​អនុម័ត​លើ​ការ​ពង្រឹង​តួនាទី​របស់​ស៊ា​សិន​ក្នុង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ ការ​ស្រាវជ្រាវ​ និង​ពង្រឹងសមត្ថភាព​ជំនាញ​នានា​តាម​រយៈ​ប្រពន្ធ​អន​ឡាញ​ដល់​ប្រទេស​ជា​សមាជិក​។​