ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​រួម​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​+៣​ តាម​រយៈ​ Video​ Conference​
១៨ កញ្ញា ២០២០

ព្រឹក​ថ្ងៃ​សុក្រ​ ១​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​កិច្ចប្រជុំ​រួម​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​+៣​ តាម​រយៈ​ Video​ Conference​ ដោយ​មាន​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​របស់​ប្រទេស​ជប៉ុន​និង​វៀតណាម​ជា​សហ​ប្រធាន​។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​+៣​ តាម​រយៈ​ការ​ពិនិត្យ​ ពិភាក្សា​លើ​វឌ្ឍនភាព​កិច្ច​សហប្រតិបត្តិការ​និង​អនុម័ត​លើ​ផែនការ​សកម្មភាព​នានា​។​ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​និង​តំបន់​ ដែល​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ​១៩​ ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​ធ្លាក់​ចុះ​ ហើយ​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​ទៅ​លើ​វិធានការ​ដែល​រដ្ឋាភិបាល​និង​ធនាគារកណ្តាល​នៃ​ប្រទេស​សមាជិក​បាន​អនុវត្ត​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ ក៏​ដូច​ជា​ត្រៀម​ស្តារ​សកម្មភាព​សេដ្ឋកិច្ច​ ក្រោយ​ពេល​ជំងឺឆ្លង​នេះ​ថមថយ​ឥទ្ធិពល​។​ កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​+៣​ បាន​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​តំបន់​ ដែល​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​មាន​ភាព​ធន់​នឹង​វិបត្តិ​តាម​រយៈ​ការ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ជា​សមាជិក​ ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣​ (AMRO),​ យន្តការ​ផ្តល់​ឥណទាន​សម្រាប់​បង្ការ​និង​ដោះស្រាយ​វិបត្តិ​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ពហុ​នី​យ​កម្ម​ឈៀង​ម៉ៃ​ (CMIM)​ ការ​ជំរុញ​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុងស្រុក​ (Local​ currency​ use)​ និង​ការ​ប្រើប្រាស់​មូលធន​ក្នុង​តំបន់​ ក្រោម​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ាន​+៣​ (ABMI)​។​ អង្គប្រជុំ​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ​ ដែល​ក្នុង​នោះ​រួម​មានការ​កែសម្រួល​កិច្ចព្រមព្រៀង​ CMIM,​ ការ​បន្ត​ពង្រឹងសមត្ថភាព​របស់​ AMRO​ ក្នុង​ការ​តាមដាន​សេដ្ឋកិច្ច​,​ ការ​អនុម័ត​លើ​ការ​ដំឡើង​ទំហំ​ទឹកប្រាក់​ឥណទាន​មិន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF​ Delinked​ Portion)​ ពី​ ៣០%​ ទៅ​ ៤០%,​ ការ​បង្កើន​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ក្នុង​យន្តការ​ CMIM,​ ការ​ពង្រឹង​ការ​អនុវត្ត​ប្រតិបត្តិការ​ CMIM​ តាម​រយៈ​ការ​សាកល្បង​ (Test​ Run),​ ការ​ជំរុញ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ និង​ការ​វិនិយោគ​ដើម្បី​រក្សា​បរិស្ថាន​ ក្រោម​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី​ (ABMI),​ ការ​ចាប់ផ្តើម​ដំណើរការ​យន្តការ​ធានា​រ៉ាប់រង​លើ​ហានិភ័យ​គ្រោះ​ធម្មជាតិ​។​ អង្គប្រជុំ​ក៏​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​នានា​ និង​ទិស​ដៅ​យុទ្ធសាស្ត្រ​ ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​+៣​ ផង​ដែរ​។​