០១ តុលា ២០២០
នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាលអាស៊ាន (AFCDM) និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈ Videoconference។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះ ប្រទេសវៀតណាមជាប្រធានអាស៊ានប្រចាំឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធអនឡាញ បន្ទាប់ពីបានពន្យារពេលកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ កិច្ចប្រជុំមានគោលបំណងពិភាក្សាអំពី i/- ការងារអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២០ ii/- វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនិងរូបិយវត្ថុអាស៊ាន និង iii/- គំនិតផ្តួចផ្តើមនានា ព្រមទាំងជាវេទិកាផ្លាស់ប្តូរមតិនិងចែករំលែកបទពិសោធន៍របស់ប្រទេសជាសមាជិកពាក់ព័ន្ធនឹងការឆ្លើយតបនឹងគោលនយោបាយក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។ យោងតាមបទបង្ហាញរបស់លេខាធិការដ្ឋានអាស៊ាន ស្ថានភាពហិរញ្ញវត្ថុក្នុងតំបន់មានភាពរឹតត្បឹតខ្លាំង ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបានបន្ធូរបន្ថយមកវិញជាលំដាប់ ចាប់តាំងពីខែមីនា ដោយសារប្រទេសជាសមាជិកបានដាក់ចេញនូវគោលនយោបាយឆ្លើយតបនឹងវិបត្តិនេះបានទាន់ពេលវេលា។ ភាពមិនប្រាកដប្រជានៃការរីករាលដាលនៃជំងឺកូវីដ១៩ អាចជះឥទ្ធិពលធ្ងន់ធ្ងរទៅលើប្រព័ន្ធហិរញ្ញវត្ថុ និងសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់។ ទោះយ៉ាងណា ប្រទេសជាសមាជិកអាស៊ានបានខិតខំប្រឹងប្រែងសម្រេចបាននូវការងារអាទិភាពសម្រាប់ឆ្នាំ២០២០តាមផែនការកំណត់ ដែលមានដូចជា ការបង្កើតធនាគារអាស៊ានប្រកបគុណវុឌ្ឍិចំនួន២ដំបូង ការកែសម្រួលលក្ខខណ្ឌការងារតាមដានវឌ្ឍនភាពសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ក្របខ័ណ្ឌទូទាត់ជារូបិយវត្ថុក្នុងតំបន់អាស៊ាន និង គោលការណ៍អនុវត្តការណែនាំក្របខ័ណ្ឌគោលនយោបាយទូទាត់អាស៊ាន។ ជាមួយគ្នានេះ លោកជំទាវ ទេសាភិបាលរង ក៏បានចូលរួមលើកទឹកចិត្តឱ្យគណៈកម្មាធិការផ្សេងទៀតបន្តខិតខំសម្រេចនូវផែនការអាទិភាពរបស់ខ្លួន សំដៅសម្រេចបានសមាហរណកម្មហិរញ្ញវត្ថុអាស៊ានឆ្នាំ២០២៥។ គួររំលេចផងដែរថា ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលម៉ាឡេស៊ីបានបញ្ចប់ភាពជាសហប្រធាននៃគណៈកម្មាធិការជាន់ខ្ពស់អាស៊ានប្រកបដោយជោគជ័យនិងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងអាណត្តិរបស់ខ្លួន។ ធនាគារកណ្តាលព្រុយណេនិងថៃនឹងធ្វើជាសហប្រធានបន្ទាប់ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២។