០៩ តុលា ២០២០
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្រុមការងារនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាលាស្រុកមោងឫស្សី រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមរបស់ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា, លោក ទេព ហន អភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី, លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងស្រុកមោងឫស្សី សរុបប្រមាណ ១៥០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និន្នាការថ្មីៗ របស់វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមកនិងពេលអនាគតដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូរីដ១៩។ នៅក្នុងសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ និងផ្តល់អនុសាសន៍មួយចំនួនបន្ថែមលើវិធានការជាច្រើននាពេលកន្លងមក រួមមាន៖ ១/-គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពី ការរៀបចំឥណទានឡើងវិញសម្រាប់គ្រប់វិស័យ ២/- អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាពដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គមនិងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា និង៣/- បន្តរក្សាអនាម័យនិងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩។