ព័ត៌មាន
ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤១​ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ​ (១០​ តុលា​ ១៩៧៩​ -​ ១០​ តុលា​ ២០២០)​ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា​ សែន​សុខ​
១០ តុលា ២០២០

នៅ​ថ្ងៃ​សៅរ៍​ ៨​រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤១​ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ​ (១០​ តុលា​ ១៩៧៩​ -​ ១០​ តុលា​ ២០២០)​ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា​ សែន​សុខ​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត​ សរុប​ប្រមាណ​ ៥០០​នាក់​។​ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ទេសាភិបាល​ បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​បង្កើត​ធនាគារកណ្តាល​ និង​តួនាទី​ដ៏​សំខាន់​របស់​ធនាគារកណ្តាល​និង​រូបិយ​វត្ថុ​ជាតិ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​និង​កម្ពុជា​ ដែល​បាន​ពង្រឹង​នូវ​អធិបតេយ្យភាព​ជាតិ​និង​អំណាច​របស់​រដ្ឋ​។​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាលពី​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤០​ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ​ ថា​ “​ការ​សម្រេច​បង្កើត​ធនាគារកណ្តាល​និង​រូបិយ​វត្ថុ​ជាតិ​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ ក្រោយ​ពី​ថ្ងៃ​មហា​ជ័យជម្នះ​ ៧​ មក​រា​ ១៩៧៩​ គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​”​។​
​ឯកឧត្តម​ ទេសាភិបាល​ ក៏​បាន​បង្ហាញ​អំពី​កា​រវិ​វត្ត​រីក​ចម្រើន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​រយៈពេល​ ៤១​ឆ្នាំ​កន្លង​មក​ ដែល​ប្រព័ន្ធ​ធនាគារ​ត្រូវ​បាន​ស្តារ​ចេញពី​ចំណុចសូន្យ​ និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​អភិវឌ្ឍន៍​ជា​ច្រើន​ដោយ​ជោគជ័យ​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​ខ្លួន​ជា​លំដាប់​ ជាមួយនឹង​សាខា​រាជធានី​-​ខេត្ត​ចំនួន​ ១៩​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​និង​រូបិយ​វត្ថុ​ ប្រកបដោយ​ប្រសិទ្ធភាព​និង​ទំនុកចិត្ត​។​ គួរ​រំលេច​ថា​ ចាប់ពី​ឆ្នាំ​២០០០​មក​ ប្រព័ន្ធ​ធនាគារ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​ស្ថិរភាព​ ក្រោយ​ពី​ការ​កែទម្រង់​វិស័យ​ធនាគារ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​។​ ប្រព័ន្ធ​ធនាគារ​ក៏​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ជា​បន្តបន្ទាប់​ ស្រប​តាម​និម្មាបនកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ និង​បាន​រួមចំណែក​ស្នូល​ក្នុង​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​,​ គាំទ្រ​កំណើនសេដ្ឋកិច្ច​,​ លើកកម្ពស់​បរិ​យា​បន្ន​សេដ្ឋកិច្ច​និង​សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ អត្រា​អតិផរណា​ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​មាន​កម្រិត​ទាប​ប្រមាណ​ ២,៥%​ ជាមួយនឹង​ស្ថិរ​ភាពល្អ​ប្រសើរ​នៃ​អត្រា​ប្តូរ​ប្រាក់​ក្នុង​រង្វង់​ ៤.០៥០​ រៀល​ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក​ ស្រប​ពេល​ដែល​ទុនបម្រុង​អន្តរជាតិ​ដុល​ត្រូវ​បាន​គរ​ពូន​ឱ្យ​មាន​កម្រិត​ខ្ពស់​ជា​លំដាប់​រហូត​ដល់​ ២០​ ប៊ី​លាន​ ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​ប្រមាណ​ ១០​ខែ​ នៃ​ការ​នាំ​ចូល​ទំនិញ​និង​សេវា​ ដែល​ខ្ពស់​ជាង​ ៣​ដង​ នៃ​កម្រិត​ អប្បបរមា​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​ (៣​ខែ​)​។​ ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើនឡើង​យ៉ាង​ ឆាប់រហ័ស​ពី​ប្រមាណ​ត្រឹមតែ​ ០,៥​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ឆ្នាំ​១៩៩៨​ ដល់​ ៥៦​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នា​ពេល​បច្ចុប្បន្ន​ គឺ​កើនឡើង​ប្រមាណ​ ១១២​ដង​។​ ឥណទាន​ប្រព័ន្ធ​ធនាគារ​ដែល​ត្រូវ​បាន​បែងចែក​ទៅ​ កាន់​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​ និង​ប្រាក់​បញ្ញើ​ក្នុងស្រុក​បាន​កើនឡើង​ ១៦៥​ដង​ ប្រហាក់ប្រហែល​គ្នា​ គឺ​ ពី​ចំនួន​ប្រមាណ​តែ​ ០,២​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ដល់​ជាង​ ៣៣​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ប្រព័ន្ធ​ធនាគារ​ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech)​ ក្នុង​ប្រតិបត្តិការ​ ជា​ពិសេស​សម្រាប់​ការ​ទូទាត់​ ដែល​បាន​ លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​កម្ពុជា​ជា​លំដាប់​។​ ជាក់ស្តែង​ ប្រជាជន​ពេញវ័យ​ដែល​ទទួល​បាន​សេវា​ ហិរញ្ញវត្ថុ​ផ្លូវការ​កើនឡើង​ដល់​ប្រមាណ​ជាង​ ៧០%​ ធៀប​នឹង​ពីរ​ទសវត្សរ៍​មុន​ (​តិច​ជាង​ប្រមាណ​ ១០%​ ប៉ុណ្ណោះ​)​។​ ឯកឧត្តម​ ទេសាភិបាល​ ក៏​បាន​បញ្ជាក់​ថា​ សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ ៤១​ ឆ្នាំ​នេះ​ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​រាជរដ្ឋាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ក្រោម​ម្លប់​សន្តិភាព​ ដែល​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ស្ថាបនា​ឡើង​ និង​ថែរក្សា​រហូត​មក​ដល់​បច្ចុប្បន្ន​។​ 
​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ ទេសាភិបាល​ ក៏​បាន​ថ្លែងអំណរគុណ​សន្តិភាព​ ដែល​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​មាន​ថ្ងៃនេះ​ និង​សម្តែង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​,​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​,​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ឥស្សរជន​ខ្មែរ​ទាំងអស់​ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ ដើម្បី​ជាតិ​និង​ប្រជាជន​កម្ពុជា​ ព្រមទាំង​សូម​ថ្លែងអំណរគុណ​ចំពោះ​អតីត​ទេសាភិបាល​ ក្រុមប្រឹក្សាភិបាល​ ថ្នាក់ដឹកនាំ​និង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រសួង​-​ស្ថាប័ន​ ដៃគូ​អភិវឌ្ឍន៍​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​រួមចំណែក​ក្នុង​ការ​កសាង​ប្រព័ន្ធ​ធនាគារ​ឱ្យ​មានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ន​។​
​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ​ និង​សេចក្តី​សោមនស្ស​រីករាយ​ ជាមួយនឹង​ការ​ចង​ចាំ​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ​ផង​ដែរ​។​