១៩ មករា ២០២១
កាលពីថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា។
ឯកឧត្តម ទេសាភិបាល បានសម្តែងការរីករាយនិងស្វាគមន៍ដែលលោកជំទាវ Devyani Uttam Khobragade មកបំពេញទស្សនកិច្ច ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌា ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា តាមរយៈការសិក្សារយៈពេលវែងនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបផងដែរថា ប្រទេសឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងសហប្រតិបត្តិការល្អតាំងពីបុរាណកាលមកម្ល៉េះ ហើយក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលឥណ្ឌា ក៏បានជួយកម្ពុជាក្នុងដំណើរការស្តារនិងអភិវឌ្ឍប្រទេសផងដែរ។
ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបលោកជំទាវ អគ្គរដ្ឋទូតពីស្ថានភាពម៉ាសេក្រូសេដ្ឋកិច្ចនិងវិស័យធនាគារថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។ អតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាប ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលរួមចំណែករក្សាជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា។ ចំពោះវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការពង្រឹងសុខមាលភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់សន្ទនីយភាព និងការធ្វើឥណទានឡើងវិញ ដែលបានជួយដល់អាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់។ ទន្ទឹមនេះ វិស័យធនាគារធានាបានគុណភាពឥណទានល្អប្រសើរ។
លោកជំទាវ បានសម្តែងការអបអរសាទរជូនចំពោះ ឯកឧត្តម ទេសាភិបាល ដែលកាលពីពេលថ្មីៗនេះទស្សនាវដ្តីអន្តរជាតិដែលមានទីតាំងនៅប្រទេសអង់គ្លេសផ្តល់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើម ឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមទេសាភិបាល ៥ រូបនៅលើពិភពលោក។ លោកជំទាវ មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។ លោកជំទាវ ក៏បានថ្លែងការកោតសរសើរពីការអភិវឌ្ឍថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេស តួនាទីដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងរងនូវវបត្តិសុខាភិបាលនិងសេដ្ឋកិច្ច។ លោកជំទាវបានអបអរសាទរនូវការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដូចជា ការដាក់ឱ្យប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ដែលជួយសម្រួលការទូទាត់ទូទៅនិងឆ្លងគ្រឹះស្ថាន ដោយបានបន្ថយកម្រៃប្រតិបត្តិការនិងធ្វើឱ្យទឹកប្រាក់ទូទាត់ទទួលបានភ្លាមៗ។
ឯកឧត្តម ទេសាភិបាល និងលោកជំទាវឯកអគ្គរដ្ឋ បានយល់ស្របគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដូចជា លើការផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ ការពង្រឹងយន្តការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការបណ្តុះបណ្តាល។