០៥ ឧសភា ២០២១
នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា
ឆ្នាំ២០២១ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា
បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការប្រែប្រួលអាកាសធាតុ និងហានិភ័យអធិបតេយ្យភាព
ដែលរៀបចំដោយវិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈប្រព័ន្ធអនឡាញ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាកម្មវិធីបន្ថែមទៅលើកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី៥៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈម
និងដំណោះស្រាយលើបញ្ហាបម្រែបម្រួលអាកាសធាតុ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងទទួលរងផលប៉ះពាល់បន្ថែមពីការរីករាលដាលជំងឺកូវីដ-១៩
ក៏ដូចជាការបង្កជាបន្ទុកបន្ថែមមួយកម្រិតទៀតសម្រាប់ការរៀបចំថវិការដ្ឋនិងស្ថិរភាពហិរញ្ញវត្ថុ។ អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុបំផុតនៅលើពិភពលោក
ក្នុងនោះមីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ថៃ និងកម្ពុជា កំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ
ដែលនឹងមានឥទ្ធិពលដល់ពាណិជ្ជកម្មអន្តរជាតិ ផលិតកម្ម ការងារ និងហិរញ្ញប្បទានរដ្ឋាភិបាល។
នៅពេលភាពងាយរងគ្រោះនៃហានិភ័យអាកាសធាតុកាន់តែខ្ពស់ នាំឱ្យថ្លៃដើមការខ្ចីរដ្ឋាភិបាលកើនឡើងគួរឱ្យកត់សម្គាល់។
ធនាគារជាតិនៃកម្ពុជាបានបញ្ចូលគោលការណ៍អភិបាលកិច្ចសង្គមបរិស្ថាន (ESG) ទៅក្នុងសេចក្តីណែនាំលើការវិនិយោគទុនបម្រុងអន្តរជាតិ
ដោយមិនធ្វើការវិនិយោគទៅលើទ្រព្យសកម្មដែលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងបង្កើនការវិនិយោគទៅលើសញ្ញាប័ណ្ណបៃតងផងដែរ។ នៅឆ្នាំ២០១៩
ធនាគារជាតិនៃកម្ពុជាបានក្លាយជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនដំបូងដែលវិនិយោគលើមូលនិធិសញ្ញាប័ណ្ណបៃតងរបស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ដើម្បីបង្ហាញពីឆន្ទៈប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ
គោលនយោបាយឆ្លើយតបមួយចំនូនត្រូវបានលើកឡើងមានដូចជា ការរៀបចំការវាយតម្លៃពីភាពងាយរងគ្រោះនិងផែនការជាតិ
ការបញ្ចូលការវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការកែតម្រូវក្របខ័ណ្ឌរូបិយវត្ថុនិងប្រុងប្រយ័ត្នដោយគិតគូរពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។