០២ ធ្នូ ២០១៣
លោកជំទាវ Christine Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន ដឹកនាំប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូការនៅប្រទេសកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០១៣។នេះគឺជាការបំពេញទស្សនកិច្ចជាលើកដំបូង ចាប់តាំងពីលោកជំទាវបានឡើងកាន់ការងារជាប្រធាន IMF កាលពីខែកក្កដា ឆ្នាំ២០១១ និងបន្ទាប់ពីលោកជំទាវបានខកខានក្នុងការមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីខែវិច្ឆិកាឆ្នាំ២០១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។ ការបំពេញទស្សនកិច្ចនេះធ្វើឡើងក្នុងនាមដែលកម្ពុជា ជាសមាជិកមួយក្នុងចំណោម សមាជិក IMF ទាំង ១៨៨ ប្រទេសហើយ IMF មានតួនាទីជួយក្នុងការជំរុញស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ ដើម្បី គាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព ។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូការនៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់ IMF បានជួប សវនាការនិងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍរីកចម្រើននៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ។
នៅក្នុងជំនួបនេះដែរ លោកជំទាវ បានវាយតម្លៃខ្ពស់អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ប្រកបដោយសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនតាមការរំពឹងទុកក្នុងអត្រា កំណើនប្រមាណ ៧% នៅឆ្នាំ២០១៣នេះ ទោះបីជារងគ្រោះដោយទឹកជំនន់នៅតំបន់ខ្លះ និងការថយចុះសកម្មភាពសេដ្ឋកិច្ចនៅក្នុងអំឡុងពេលបោះឆ្នោតក៏ដោយ។ចំណែកឯអតិផរណាវិញ ក៏ត្រូវបានប៉ាន់ស្មានថាមានកម្រិតទាបក្នុងរង្វង់ ៣-៤% នៅឆ្នាំ២០១៣-២០១៤ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរផងដែរ ដោយអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ ។ ស្ថិរភាពនៃសូច នាករសំខាន់ទាំងនេះ ជាកត្តាគន្លឹះនិងជាទស្សនវិស័យដ៏ល្អមួយក្នុងការពង្រឹងជំនឿទុកចិត្ត សាធារណជននឹងទាក់ទាញវិនិយោគិនកាន់តែច្រើននៅកម្ពុជា ។
លើសពីនេះ លោកជំទាវ បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំ ប្រឹងប្រែងអនុវត្តគោលនយោបាយពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អ ប្រសើរ និងអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុប្រព្រឹត្តទៅដោយរលូននិងមាន សុវត្ថិភាព ។ IMFក៏បានកោតសរសើរនិងបង្ហាញពីការគាំទ្រចំពោះគោលនយោបាយបើកចំហរបស់រាជរដ្ឋា-ភិបាលកម្ពុជា និងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចនានាប្រកបដោយ ជោគជ័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលពិតជាបានកសាងមូលដ្ឋាននៃការអភិវឌ្ឍជាតិរឹងមាំមួយនិងបានជួយគាំទ្រក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមប្រកបដោយចីរភាព ។ នេះគឺជាសញ្ញាណល្អមួយនៃការអភិវឌ្ឍរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជានៅពេលអនាគត ។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាកន្លងមក នៅឆ្នាំ២០០៦ IMF បានសម្រេចលុបបំណុល របស់ប្រទេស កម្ពុជាដែលមានទឹកប្រាក់សរុបចំនួន ៥៦,៨ លានSDR ស្មើនឹង ៨២លានដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍគម្រោងធារាសាស្ត្រជនបទ ព្រមទាំងផ្ដល់កម្មវិធីជំនួយឥណទានចំនួន ២លើក ៖ ទី១- កម្មវិធីលើកកម្ពស់កំណែទម្រង់ស្ថាប័ន (ESAF) ពីឆ្នាំ១៩៩៤ ដល់ ១៩៩៧ មានទឹកប្រាក់ចំនួន ៨៤លានSDR និងទី២- កម្មវិធីកាត់បន្ថយភាពក្រីក្រ និងកំណើន (PRGF) ពីឆ្នាំ១៩៩៩ ដល់ ២០០៣ មានទឹកប្រាក់ចំនួន ៥៨,៥លានSDR ។ លើសពីនេះទៀត IMF បានផ្ដល់ជំនួយបច្ចេកទេសដល់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល កម្ពុជា តាមរយៈការបញ្ជូនជំនាញការរយៈពេលខ្លីនិងវែង និងផ្ដល់ការបណ្ដុះបណ្ដាលនានាជារៀងរាល់ឆ្នាំលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំណែទម្រង់គយនិងរដ្ឋាករ ត្រួតពិនិត្យ ធនាគារនិងស្ថិរភាពហិរញ្ញវត្ថុ ។ល។
ជាងនេះទៅទៀត IMF បានប្តេជ្ញានឹងបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដោយបន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលក៏បានស្វាគមន៍ លោកជំទាវ Christine Lagarde ដែលបានដឹកនាំប្រតិភូ IMF មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការវាយតម្លៃខ្ពស់ និងការគាំទ្ររបស់ IMF ចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងកម្មវិធីកំណែទម្រង់នានាកន្លងមក ។ សម្តេចក៏មានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះIMF ដែលបានផ្តល់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមក ។ វត្តមានរបស់ IMF ពិតជាមានតួនាទីសំខាន់ក្នុងជួយរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក ក៏ដូចជា ប្រទេសកម្ពុជា ផងដែរ ក្នុងនោះ ការិយាល័យតំណាងរបស់ IMF ប្រចាំកម្ពុជា ក៏បានរួមចំណែកពង្រឹងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចជាតិ និងជំនឿទុកចិត្តវិនិយោគិនជាតិ-អន្ដរជាតិមកកម្ពុជា ។
ក្រៅពីនេះ លោកជំទាវក៏គ្រោងនឹងធ្វើបឋកថាទៅកាន់និស្សិតនៅសាលាភូមិន្ទរដ្ឋបាលនិងផ្លាស់ប្តូរទស្សនៈជាមួយស្ត្រីជាមេដឹកនាំពាណិជ្ជកម្ម និងអ្នកចេញគោល នយោបាយព្រមទាំងជួបជាមួយក្រុមហ៊ុនឯកជននានា ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងបន្តទៅប្រទេស កូរ៉េ និងមីយ៉ាន់ម៉ា ។
សរុបមក ដំណើរទស្សនកិច្ចផ្លូវការគណៈប្រតិភូជាន់ខ្ពស់ IMF ដឹកនាំដោយលោកជំទាវ Christine Lagarde មេដឹកនាំស្ថាប័នហិរញ្ញវត្ថុពិភពលោកនាពេលនេះ ក្រៅពី បំណងសិក្សាស្វែងយល់ពីការអភិវឌ្ឍរីកចម្រើននៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញជាសំខាន់ពីការគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងកាត់ បន្ថយភាពក្រីក្រ ។