១៦ ឧសភា ២០២៣
កាលពីថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបក្រុមបេសកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Davide Furceri ប្រធានក្រុមបេសកកម្ម IMF សម្រាប់កម្ពុជា ដើម្បីរាយការណ៍ជូនពីការវាយតម្លៃបឋមលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្រោយពីបានបំពេញបេសកកម្មអស់រយៈពេលមួយសប្តាហ៍កន្លងមក។ ការវាយតម្លៃបឋមបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងបន្តមានភាពរឹងមាំ និងបន្តមានកំណើនខ្ពស់ជាងការប៉ាន់ស្មានដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ពិគ្រោះយោបល់មាត្រា IV កាលពីចុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ទោះជាការនាំចេញផលិតផលកាត់ដេរប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារភាពទន់ខ្សោយនៃតម្រូវការខាងក្រៅក្តី។ អតិផរណាត្រូវបានព្យាករថានឹងមានកម្រិតទាបអាចគ្រប់គ្រងបាន ដោយសារនិន្នាការថមថយនៃថ្លៃម្ហូបអាហារនិងថ្លៃប្រេងឥន្ធនៈសកល។ ចំពោះវិស័យក្រៅប្រទេស ឱនភាពគណនីចរន្តរំពឹងថានឹងថយចុះ ដោយសារការថយចុះគួរឱ្យកត់សម្គាល់នៃកំណើនការនាំចូល (រាប់ទាំងការនាំចូលមាស) ខណៈដែលលំហូរមូលធនបន្តមានភាពរឹងមាំ ដែលគាំទ្រដោយលំហូរចូលនៃវិនិយោគក្រៅប្រទេសដែលនឹងជួយផាត់ទាត់ឱនភាពគណនីចរន្ត។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់ ស្របពេលដែលអត្រាប្ដូរប្រាក់បន្តមានស្ថិរភាព។ វិស័យធនាគារនិងហិរញ្ញវត្ថុបន្តមានភាពធន់និងរឹងមាំ ជាមួយនឹងការថយចុះឥណទានរៀបចំឡើងវិញ និងកម្រិតទាបនៃឥណទានមិនដំណើរការ ដោយសារការបន្តងើបឡើងនិងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលការធ្វើប្រក្រតីកម្មឡើងវិញនៃវិធានការគាំទ្រដែលបានដាក់ចេញក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានអនុវត្តជាបណ្តើរៗ ដើម្បីបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ដូចជា៖ i/-ការបន្តថមថយនៃកំណើនសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ជាពិសេសប្រទេសជាទីផ្សារនាំចេញផលិតផលកាត់ដេរ ii/-កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន និងភាពរអាល់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់នាំចូលមកកម្ពុជា iii/-ការបន្តដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក ដែលអាចបន្ថែមបន្ទុកលើការចំណាយការប្រាក់របស់ក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា iv/-ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ចរវាងប្រទេសមហាអំណាច ដែលអាចធ្វើពាណិជ្ជកម្មកម្ពុជាប្រឈមនឹងហានិភ័យ និង v/- លទ្ធភាពសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនៅមានកម្រិតជាពិសេសសម្រាប់វិស័យកសិកម្ម។
នាឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះក្រុមបេសកកម្មដែលបានរាយការណ៍ពីទស្សនវិស័យវិជ្ជមាននៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែលកំពុងបន្តងើបឡើងឥតឈប់ឈរ ព្រមទាំងបានជម្រាបជូនពីការអនុវត្តវិធានការចាកចេញពីវិបត្តិរបស់ធនាគារជាតិនៃកម្ពុជាដែលបានធ្វើឡើងដោយសន្សឹមៗ ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ច-សង្គមបានត្រឡប់មករកប្រក្រតីភាព និងសំដៅរក្សាជាជន្ទុលការពារវិបត្តិដែលអាចកើតឡើងជាយថាហេតុ។ ទន្ទឹមនេះ ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះ IMF ដែលតែងផ្តល់ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងស្ថានភាពដែលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិមានការវិវត្តនិងប្រែប្រួលយ៉ាងឆាប់រហ័ស។ គួររំលេចថា ក្រុមបេសកកម្មមាត្រា IV គ្រោងនឹងមកបំពេញបេសកកម្មនៅអំឡុងខែតុលា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា។