១៧ មិថុនា ២០២៤
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាយោបល់នៃការិយាល័យអភិវឌ្ឍន៍សមត្ថភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (CDOT) លើកទី១០ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
កិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ជាពិសេសវឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយបច្ចេកទេសរបស់ប្រទេសសមាជិក ដែលរួមមាន កម្ពុជា ឡាវ វៀតណាម និងប្រទេសចំនួន ៧ ផ្សេងទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងកំណត់ទិសដៅការងាររបស់ CDOT។ ជាលទ្ធផល អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃជំនួយបច្ចេកទេសរបស់ CDOT ដែលបានបន្តរួមចំណែកអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីជំនាញនិងស្ថាប័នពាក់ព័ន្ធ ក្នុងនោះរួមមាន ធនាគារកណ្តាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អង្គប្រជុំក៏បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ដែលបច្ចុប្បន្នជាប្រទេសទទួលបានជំនួយបច្ចេកទេសច្រើនជាងគេក្នុងតំបន់ មកធ្វើជាករណីបង្ហាញនិងគំរូសម្រាប់ប្រទេសសមាជិកដទៃ ចំពោះប្រសិទ្ធភាពនៃការអនុវត្តគម្រោងបច្ចេកទេសផងដែរ។ តាមរយៈភាពជោគជ័យនេះ សមត្ថភាពរបស់មន្រ្តីជំនាញ និងស្ថាប័នត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបាន រួមចំណែកលើកកម្ពស់លទ្ធភាពក្នុងការរៀបចំគោលនយោបាយឱ្យស្របតាមការវិវត្តរបស់សេដ្ឋកិច្ច-សង្គម។ អង្គប្រជុំក៏បានឯកភាពគ្នា លើការបន្ស៊ីកម្មវិធីកសាងសមត្ថភាពរបស់ CDOT ឱ្យស្របទៅនឹងការងារតាមដាននិងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ក្រុមបេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ក្នុងន័យនេះ ការកសាងសមត្ថភាពត្រូវតែមានភាពបត់បែននិងច្នៃប្រឌិតទៅតាមតម្រូវការរបស់ប្រទេសសមាជិក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាលរង ក៏បានថ្លែងអំណរគុណចំពោះ CDOT ដែលបានអភិវឌ្ឍសមត្ថភាពមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងបានរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ដែលមានភាពធន់ រឹងមាំ និងបរិយាបន្ន។ គួររំលេចផងដែរថា បច្ចុប្បន្ន CDOT បាននិងកំពុងផ្តល់ជំនួយបច្ចេកទេសមកធនាគារជាតិនៃកម្ពុជាលើការងារចំនួន ៣ រួមមាន៖ i/-ការពង្រឹងការចងក្រងស្ថិតិវិស័យក្រៅប្រទេស ii/-ការងារប្រតិបត្តិការរូបិយវត្ថុនិងអត្រាប្តូរប្រាក់ និង iii/-ការអភិវឌ្ឍក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា៕