ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាប្រមូលធាតុចូលស្តីពី “បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ”
១១ កក្កដា ២០២៤

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាប្រមូលធាតុចូលស្តីពី “បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ” នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាព ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

អង្គសិក្ខាសាលាបានពិភាក្សាលើទិដ្ឋភាពអនុវត្តច្បាប់ទាក់ទងនឹងការដាក់ទ្រព្យធានាកាតព្វកិច្ចដោយកូនបំណុល ឬហៅថាហ៊ីប៉ូតែក ការប្រើប្រាស់មូលប្បទានបត្រ និងការអនុវត្តជាក់ស្តែងអំពីសន្តតិកម្ម ដែលសំដៅដល់ការផ្ទេរសិទ្ធិ និងករណីយកិច្ចរបស់មតកជនឱ្យសន្តតិជនម្នាក់ឬច្រើននាក់តាមតាមបណ្តាំ ឬតាមច្បាប់។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានការចូលរួមពីតំណាង ធនាគារជាតិនៃកម្ពុជា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមេធាវី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី សរុបប្រមាណ ១៩០ រូប។

អ្នកចូលរួមបានបញ្ចេញមតិយោបល់យ៉ាងផុសផុល និងបានលើកសំណូមពរឱ្យមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀតសម្រាប់សិក្ខាសាលាក្នុងពេលអនាគត ដើម្បីឱ្យមានធាតុចូលគ្រប់ជ្រុងជ្រោយ សំដៅរួមគ្នាស្វែងរកដំណោះស្រាយសមស្រប ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ។ គួររំលេចផងដែរថា នេះគឺជាសិក្ខាសាលាលើកដំបូងដែល ធនាគារជាតិនៃកម្ពុជា បានសហការរៀបចំជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។