១១ កញ្ញា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្ត្រីធនាគារជាតិនៃកម្ពុជា ចុះត្រួតពិនិត្យដំណើរការអនុវត្តន៍សារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញ នៅតាមបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីធ្វើការវាយតម្លៃវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តសារាចរនេះ។
នេះជាសកម្មភាពចុះត្រួតពិនិត្យផ្ទាល់ដែលលោកជំទាវទេសាភិបាល តែងតែចូលរួមជាមួយមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា ក្នុងដំណើរការវាយតម្លៃជាប្រចាំលើអនុលោមភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចំពោះច្បាប់និងបទប្បញ្ញត្តិ ក៏ដូចជាសារាចរណែនាំនានា ក្នុងតួនាទីជាអាជ្ញាធររូបិយវត្ថុកម្ពុជា។
ក្នុងដំណើរការអនុវត្តនីតិវិធីនេះ មន្ត្រីជំនាញចំនួនប្រាំមួយក្រុមផ្សេងទៀតដែលដឹកនាំដោយទេសាភិបាលរង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ក៏បានចុះត្រួតពិនិត្យដល់ទីតាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដទៃទៀតផងដែរ៕