ព័ត៌មាន
អបអរសាទរ​ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៤​ និង​ ទិស​ដៅ​ការងារ​ឆ្នាំ​២០១៥​ របស់​ធនាគារជាតិ​ នៃ​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​ ០៩-១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​
០៩ កុម្ភៈ ២០១៥

កាលពី​ថ្ងៃ​ទី​ ៩-១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៥​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្រោម​អធិបតីភាព​ ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ជា​ ចាន់​តូ​ ​អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ។​
​  ​  ​  ​  ​  ​ នៅ​ក្នុង​ឆ្នាំ​២០១៤​ នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​និង​ប្តូរ​ប្រាក់​ ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន​ និង​ទន់ភ្លន់​ ហើយ​បាន​រក្សា​នូវ​ស្ថិរភាព​ថ្លៃ​ និង​អត្រា​ប្តូរ​ប្រាក់​ ដែល​ចូលរួម​ចំណែក​ រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​យ៉ាង​ល្អ​ប្រសើរ​ ។​ ជាក់ស្តែង​ អត្រា​អតិផរណា​ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០១៤​ មាន​កម្រិត​ត្រឹម​ ១,១%​ ដែល​ជា​អត្រា​មួយ​ទាប​បំផុត​ក្នុង​តំបន់​ ហើយ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក​ មាន​ស្ថិរភាព​ក្នុង​រង្វង់​ ៤០៤០​ រៀល​ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក​ ។​
​  ​  ​  ​  ​  ​ ទន្ទឹម​នេះ​ ប្រព័ន្ធ​ធនាគារ​បន្ត​អភិវឌ្ឍ​ មាន​ស្ថិរ​ភាពរឹងមាំ​ ភាព​ប្រកួតប្រជែង​ និង​សមាហរណកម្ម​ខ្ពស់​ ទៅ​ក្នុង​តំបន់​និង​ពិភពលោក​ ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០​ ។​ ភាព​ស៊ីជម្រៅ​ ផ្នែក​ហិរញ្ញវត្ថុ​ (M2/GDP)​ បាន​កើនឡើង​ដល់​ប្រមាណ​ ៦៣%​ ទ្រព្យសកម្ម​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​ កើនឡើង​ដល់​ ១១២%​ នៃ​ផ​.​ស​.​ស​ (១៨,៦​ពាន់​លាន​ដុល្លារ​)​ ប្រាក់​បញ្ញើ​និង​ឥណទាន​ បាន​កើនឡើង​ដល់​ ៦៤%​ នៃ​ផ​.​ស​.​ស​ (១០,៦​ពាន់​លាន​ដុល្លារ​)​ និង​ ៦៨%​ នៃ​ផ​.​ស​.​ស​ (១១,៤​ពាន់​លាន​ដុល្លារ​)​ ។​ ក្នុង​នោះ​ ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ​មាន​កំណើន​ ២៨%​ ស្រប​ពេល​ដែល​ប្រាក់​បញ្ញើ​ និង​ឥណទាន​បាន​កើនឡើង​ ៣១%​ និង​ ៣១%​ រៀង​គ្នា​ ។​ ម្យ៉ាងទៀត​ វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា​ បាន​រួម​ ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ។​
 ​  ​  ​  ​  ​ លើស​ពី​នេះ​ គ្រឹះ​សា្ថ​ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​ពង្រីក​បណ្តាញ​សាខា​នៅ​ទូ​ទាំង​ប្រទេស​រហូត​ ដល់ទី​ជនបទ​ ដែល​បាន​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​កាន់តែ​ច្រើន​ ។​ ចំនួន​ប្រជាជន​ដែល​ទទួល​បាន​ សេវា​ហិរញ្ញវត្ថុ​ធៀប​នឹង​ចំនួន​ប្រជាជន​ពេញវ័យ​សរុប​ បាន​កើន​ដល់​ ៤២%​ នៅ​ឆ្នាំ​២០១៤​ បើ​ធៀប​នឹង​ ១៩%​ នៅ​ឆ្នាំ​២០០០​ ។​
 ​  ​  ​  ​  ​ ចំពោះ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​ពង្រឹង​និង​ពង្រីក​ជាប់​ជា​ប្រចាំ​នូវ​ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​ជាមួយ​ធនាគារកណ្តាល​ ស្ថាប័នហិរញ្ញវត្ថុ​ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​បទ​ពិសោធន៍​ ព្រមទាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទៅ​ លើ​វិស័យ​ជំនាញ​នានា​ ។​ ម្យ៉ាងទៀត​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​គាំទ្រ​និង​រួមចំណែក​ក្នុង​គំនិត​ផ្តួចផ្តើម​នានា​ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ចុងឆ្នាំ​២០១៥​ ខាង​មុខ​ និង​បាន​រួមចំណែក​ បង្កើត​ និង​អភិវឌ្ឍ​ប្រព័ន្ធ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់​ ទាំង​ក្របខ័ណ្ឌ​អាស៊ាន​និង​អាស៊ាន​+៣​ ។​