សេចក្តីប្រកាសព័ត៌មាន
សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ សិក្ខាសាលា​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ "​ភាព​ជា​ដៃគូ​ផ្តល់​ចំណេះដឹង​"​ ឆ្នាំ​២០១៧​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ធនាគារកណ្តាល​កូរ៉េ​ សម្រាប់​ការ​ស្រាវជ្រាវ​រួម​គ្នា​លើ​ ប្រធានបទ​ស្តី​ពី​ "​ទំនាក់ទំនង​រវាង​អត្រា​ប្តូរ​ប្រាក់​ និង​អតិផរណា​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​"​
២៣ មិថុនា ២០១៧

កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាល​កូរ៉េ​បាន​រៀបចំ​សិក្ខាសាលា​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ “​ភាព​ជា​ដៃគូ​ផ្តល់​ចំណេះដឹង​”​ ឆ្នាំ​២០១៧​ សម្រាប់​ការ​ស្រាវជ្រាវ​រួម​គ្នា​លើ​ប្រធានបទ​ស្តី​ពី​ “​ទំនាក់ទំនង​រវាង​អត្រា​ប្តូរ​ប្រាក់​ និង​អតិផរណា​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​”​។​ ការ​ស្រាវជ្រាវ​រួម​គ្នា​នេះ​ ទទួល​បានការ​គាំទ្រ​និង​ឧបត្ថម្ភ​ដោយ​កម្មវិធី​ភាព​ជា​ដៃគូ​ផ្តល់​ចំណេះដឹង​របស់​ធនាគារកណ្តាល​កូរ៉េ​ (BOK-KPP)​ ដែល​នឹង​ផ្តល់​ឱកាស​ឱ្យ​មន្ត្រី​ជំនាញ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​អ្នក​ស្រាវជ្រាវ​នៃ​ធនាគារកណ្តាល​កូរ៉េ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​គ្រប់គ្រង​សាកល​ (GMRI)​ របស់​ប្រទេស​កូរ៉េ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​ពី​ទំនាក់ទំនង​រវាង​អត្រា​ប្តូរ​ប្រាក់​ និង​អតិផរណា​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។​ ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាល​កូរ៉េ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តី​ពី​ការ​ស្រាវជ្រាវ​រួម​គ្នា​ នៅ​ឱកាស​នោះ​ផង​ដែរ​។​ ការ​ស្រាវជ្រាវ​នេះ​គ្រោង​នឹង​បញ្ចប់​និង​ផ្សព្វផ្សាយ​លទ្ធផល​ នៅ​ខែធ្នូ​ ឆ្នាំ​២០១៧​ ខាង​មុខ​។​

 

​សិក្ខាសាលា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លោក​ Soon​ Won​ Chung​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​គ្រប់គ្រង​សាកល​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​គណៈប្រតិភូ​ធនាគារកណ្តាល​កូរ៉េ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​គ្រប់គ្រង​សាកល​។​

 

​ការ​ស្រាវជ្រាវ​នេះ​នឹង​បង្កើន​ឯកសារ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ ដែល​នៅ​មាន​កម្រិត​នៅឡើយ​ ជា​ពិសេស​ទៅ​លើ​ការ​ប្រែប្រួល​អត្រា​ប្តូរ​ប្រាក់​ និង​ការ​រក្សា​ស្ថិរភាព​ថ្លៃ​។​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នឹង​ក្លាយជា​ធាតុ​ចូល​យ៉ាង​សំខាន់​សម្រាប់​ការ​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព​។​ លើស​ពី​នេះ​ ការ​ស្រាវជ្រាវ​នេះ​នឹង​រួមចំណែក​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​លើ​ការ​វិភាគ​ និង​ការ​ប្រើប្រាស់​ម៉ូ​ឌែ​ល​សម្រាប់​វាយតម្លៃ​និង​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​



ចុចត្រង់នេះទាញយកឯកសារ