ទិដ្ឋភាពទូទៅ
នៅដើមខែធ្នូ ឆ្នាំ១៩៧៩ ធនាគារជាតិ នៃកម្ពុជា បានរៀបចំបណ្តុះបណ្តាលចំណេះដឹងធនាគារជូនមន្រ្តីបុគ្គលិករបស់ខ្លួន លើកដំបូងក្នុងកម្រិតវគ្គបឋមធនាគារ (រយៈពេល៣ ទៅ៦ខែ) និងវគ្គមធ្យមធនាគារ (រយៈពេល ៩ខែ ទៅ២ឆ្នាំ) ដែលមានទីតាំងនៅអតីតធនាគារខ្មែរសម្រាប់ពាណិជ្ជកម្ម និងអតីតសាលាព្រះកុសមៈ បន្ទាប់មកបានប្តូរទៅទីតាំងមួយទៀតនៅទួលគោក ដែលមានឈ្មោះថា សាលាបច្ចេកទេសធនាគារ នៃ ប្រជាជនកម្ពុជា រហូតដល់ឆ្នាំ១៩៩០។ ស្ថិតក្រោមជំនួយឧបត្ថម្ភពីបណ្តាស្ថាប័នអន្តរជាតិនិងបណ្តាប្រទេសជាមិត្ត កម្មវិធីបណ្តុះបណ្តាលត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើង ស្របតាមដំណាក់កាលនៃការផ្លាស់ប្តូរបែបផែន ពីសេដ្ឋកិច្ចប្រមូលផ្តុំ មកជាសេដ្ឋកិច្ចទីផ្សារសេរីនៅឆ្នាំ១៩៩៣។

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤ ធនាគារជាតិបានបង្កើត មណ្ឌលសិក្សាបច្ចេកទេសធនាគារជាផ្លូវការ ដែលមានទីតាំងស្ថិតនៅអាគារលេខ១៩AB ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងត្បូងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)។ ការបង្កើតមណ្ឌលសិក្សានេះដើម្បីបណ្តុះបណ្តាលមន្រី្ត-បុគ្គលិក ធនាគារជាតិនូវចំណេះដឹងថ្មីៗនិងការវិវត្តរីកចម្រើននៃវិស័យធនាគារ-ហិរញ្ញវត្ថុ និងព័ត៌មានសេដ្ឋកិច្ចតែប៉ុណ្ណោះ។

ចាប់ពីឆ្នាំ១៩៩៥មក ដោយសារសកម្មភាពសេដ្ឋកិច្ចជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើន ទើបធនាគារជាតិបានសម្រេចឲ្យមណ្ឌលសិក្សាទទួលយកនិស្សិតក្រៅប្រព័ន្ធមកធ្វើការបណ្តុះបណ្តាល នូវជំនាញធនាគារនិងហិរញ្ញវត្ថុ ដើម្បីជួយសម្រួលនិងបំពេញសេចក្តីត្រូវការបស់ទីផ្សារនៃ គ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុ និងសហគ្រាសនានា។

កម្មវិធីសិក្សាត្រូវបានកែលម្អជាប់ជាប្រចាំ ក្រោមជំនួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កិច្ចសហប្រតិបត្តិការក្នុងនិងក្រៅប្រទេស និងគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា។ ថ្មីៗនេះដោយទទួលបានការណែនាំពីថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជា មណ្ឌលសិក្សាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីការបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យធនាគារនៃទីក្រុង ហូជីមិញ និងបណ្ឌិតសភាធនាគារវៀតណាម ដែលជាស្ថាប័នស្ថិតនៅក្រោមធនាគារកណ្តាលនៃប្រទេសវៀតណាម។ កិច្ចខិតខំប្រឹងប្រែងនេះសំដៅទទួលបានប្រសិទ្ធភាព គុណភាព និងបរិមាណក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងស្ថានភាពរីកចម្រើន នៃសេដ្ឋកិច្ចជាតិ។

ជាទិសដៅនាពេលអនាគតមណ្ឌលសិក្សានឹងខិតខំកែលម្អកម្មវិធីសិក្សាបន្ថែមទៀតដើម្បីពង្រឹងគុណភាពសិក្សា ធ្វើឲ្យនិស្សិតដែលបានបញ្ចប់ការសិក្សានៅមណ្ឌលសិក្សាប្រកបដោយសមត្ថភាព គុណធម៌ សីលធម៌ ការគោរពវិន័យសេចក្តីថ្លៃថ្នូរដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឲ្យមានការរីកចម្រើន ។